អ្នកនាំពាក្យម្នាក់របស់ពួកឧទ្ទាមលីប៊ីអះអាងកាលពីថ្ងៃទី៥ សីហា ថា កូនប្រុសម្នាក់ទៀតរបស់មេដឹកនាំលីប៊ី លោកមូអាម៉ា កាដាហ្វី ឈ្មោះខាមីស កាដាហ្វី បានត្រូវស្លាប់ក្នុងការវាយប្រហារតាមអាកាសមួយរបស់អូតង់ក្នុងទីក្រុង ZLITANE ។
អូតង់នៅពុំទាន់អះអាងភ្លាមៗពីព័ត៌មាននេះនៅឡើយ។ អ្នកទទួលខុសត្រូវម្នាក់នៅទីស្នាក់ការបេសកកម្មរបស់អូតង់ក្នុងទីក្រុង NAPLES របស់អ៊ីតាលីថ្លែងថា សម្រាប់ពេលនេះយើងនៅពុំទាន់អាចអះអាងពីរឿងនេះនៅឡើយ ព្រោះយើងពុំមាននរណាម្នាក់នៅលើទីលានរាយការណ៍ប្រាប់យើងឡើយ ក៏ប៉ុន្តែយើងសាកល្បងតាមដានឱ្យដឹងតាមដែលយើងអាចធ្វើទៅបាន។
រដ្ឋាភិបាលក្រុងទ្រីប៉ូលីពុំបានធ្វើអត្ថាធិប្បាយណាមួយឡើយក្នុងពេលភ្លាមៗ។ លោកខាមីសជាកូនប្រុសទី៦របស់លោកកាដាហ្វី និងជាមេបញ្ជាការកងពលតូចទី៣២របស់កងទ័ពលីប៊ីដែលល្បីល្បាញថា ជាកងពលដែលមានវិជ្ជាជីវៈបំផុត និងស្មោះត្រង់បំផុតចំពោះមេដឹកនាំលីប៊ី។ កងពលតូចលេខ៣២នោះ បច្ចុប្បន្នកំពុងតែប្រយុទ្ធនៅលើរណសិរ្សក្រុង ZLITANE ស្ថិតនៅចន្លោះក្រុងមីស្ត្រាតា និងក្រុងទ្រីប៉ូលី។ ពួកឧទ្ទាមដែលកាន់កាប់ក្រុងមីស្ត្រាតាបានសាកល្បងចាប់តាំងពីច្រើនសប្តាហ៍មក ហើយវាយដណ្តើមយកទីក្រុង ZLITANE ជាទីតាំងសំខាន់សម្រាប់បើកផ្លូវមកកាន់ទីក្រុងទ្រីប៉ូលី។
យោងតាមអ្នកនាំពាក្យរបស់ពួកឧទ្ទាមថា ការវាយប្រហារតាមអាកាសរបស់អូតង់បណ្តាលឱ្យមនុស្សស្លាប់៣២នាក់។ អ្នកនាំពាក្យរូបនោះពុំបានបញ្ជាក់ពីទីកន្លែងនៃការវាយប្រហារទាំងនេះឡើយ។ ការស្លាប់របស់លោកខាមីសធ្លាប់ត្រូវបានប្រកាសម្តងរួចមកហើយកាលពីខែមីនា កន្លងមកនេះមុនពេលត្រូវបានបដិសេធ។ កូនប្រុសម្នាក់ទៀតរបស់លោកកាដាហ្វីឈ្មោះសៃអ៊ីហ្វាអាល់ អារ៉ាប់ បានត្រូវស្លាប់ដោយសារការទម្លាក់គ្រាប់បែករបស់អូតង់កាលពីខែមេសានៅក្រុងទ្រីប៉ូលី ៕
ចែករំលែកព័តមាននេះ