យោងតាមការវាយតម្លៃរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអាមេរិក USAID ថា កុមារជាង២៩.០០០នាក់ មានអាយុក្រោម៥ឆ្នាំ ត្រូវស្លាប់ ដោយសារគ្រោះរាំងស្ងួត និងគ្រោះអត់ឃ្លាននៅ សូម៉ាលី ។ តួលេខនេះត្រូវបានលើកឡើងកាលពីថ្ងៃទី៣ សីហា កន្លងមកនេះ នៅទីក្រុងវ៉ាស៊ីនតោនចំពោះមុខគណៈកម្មការសភាមួយ ដោយអ្នកទទួលខុសត្រូវម្នាក់របស់ USAID លោកស្រី NANCY LINDBORG ។
នេះជាលើកទីមួយហើយដែលមានការវាយតម្លៃច្បាស់បែបនេះទាក់ទិនដល់តុល្យការនៃវិបត្តិមនុស្សធម៌ដែលកំពុងកើតមានក្នុងបណ្តាប្រទេសនៃតំបន់ស្នែងក្របីនៃទ្វីបអាហ្វ្រិកដែលមានប្រទេសសូម៉ាលី អេត្យូពី និងហ្ស៊ីប៊ូទី ។ អាហ្វ្រិកខាងកើតជួបប្រទះនឹងគ្រោះរាំងស្ងួតយ៉ាងអាក្រក់បំផុតមួយពុំធ្លាប់មានចាប់តាំងពីទសវត្សឆ្នាំ១៩៥០មក។
យោងតាម USAID ថា កុមារជាង២៩.០០០នាក់ មានអាយុក្រោម៥ឆ្នាំបានស្លាប់រយៈពេល៣ខែចុងក្រោយនេះ នៅភាគខាងត្បូងសូម៉ាលីជាកន្លែងដែលគ្រោះរាំងស្ងួតធ្វើឱ្យសត្វពាហនៈត្រូវងាប់ ហើយបំផ្លាញដំណាំដាំដុះទាំងឡាយ។ តុល្យការនេះផ្អែកលើការស៊ើបអង្កេតលើរបបអាហារ និងអត្រាស្លាប់ត្រួតពិនិត្យដោយបណ្តាមជ្ឈមណ្ឌលអាេមរិកត្រួតពិនិត្យ និងបង្ការជំងឺ។
អ.ស.ប បានរៀបរាប់រួចហើយពីមនុស្សស្លាប់ជាច្រើនពាន់នាក់ដោយសារគ្រោះរាំងស្ងួត ដែលមានលក្ខណៈធ្ងន់ធ្ងរបំផុតនៅសូម៉ាលី ពុំធ្លាប់ជួបប្រទះចាប់តាំងពី៦០ឆ្នាំមកហើយ។ យោងតាម អ.ស.ប ថា កុមារសូម៉ាលី៦៤០.០០០នាក់ កំពុងប្រឈមមុខនឹងការអត់ឃ្លានខ្លាំង ដែលអាចឱ្យកុមារនៅមានអាយុតិចស្លាប់ថ្មីៗទៀត ៕
ចែករំលែកព័តមាននេះ