រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៥:៣០នាទី រហូតដល់ម៉ោង២០:០០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌទួលគោក សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអគ្គនាយកដ្ឋាន (ក.ប.ប) ដោយបានកិច្ចសម្របសម្រួលផ្លូវច្បាប់ពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងផ្ទះស្តុកផលិតផលរបស់ថៃ (ប្រហិតបង្កកចម្រុះ) ស្ថិតនៅផ្ទះលេខ២៨៣ ផ្លូវម៉ៅសេទុង (ផ្លូវលេខ២៤៥) ក្រុម១០ ភូមិ១ សង្កាត់ផ្សារដើមគរ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធនឹងបទល្មើសនាំចូលស្តុកទុក ចរាចរ និងចែកចាយផលិតផលប្រហិតបង្កក ដែលមានប្រភពពីប្រទេសថៃ ។
ក្រោយនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានរកឃើញ ៖ ប្រហិតបង្កកសរុប ២១មុខ ស្មើនឹង ១,២៣៤.៥៥គីឡូក្រាម ជាផលិតផលនាំចូលពីប្រទេស(ថៃ) ដោយខុសច្បាប់ រួចបានឃាត់ខ្លួនមនុស្សចំនួន០៣នាក់ ៖
ទី១. ឈ្មោះ សេត រ៉សាលី ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវគីឡូតិ៍ម៉ែត្រ១០ សង្កាត់ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ទី២. ឈ្មោះ នាង ណារ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់ផ្ទះមិនចាំលេខ ផ្លូវគីឡូតិ៍ម៉ែត្រ៩ សង្កាត់ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ទី៣. ឈ្មោះ ឆាង អិន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់ផ្ទះជួលមិនចាំលេខ ផ្លូវគីឡូតិ៍ម៉ែត្រ៩ សង្កាត់ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី និងរក្សាទុកប្រហិតចម្រុះទាំងអស់នៅទីតាំងខាងលើ រួចបានបិទសៀលឃ្លុំបេទីតាំង ៕

















ចែករំលែកព័តមាននេះ