រាជធានីភ្នំពេញ ៖ ឃ្លាំងស្តុកទំនិញថៃ ជាច្រើនមុខ ធំៗ២កន្លែង ស្ថិតនៅខាងជើងស្នងការដ្ឋាននគរបាលរាជធានី តាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដែលសមត្ថកិច្ចចំណុះចុះត្រួតពិនិត្យឆែកឆេរ រកឃើញ ត្រូវបានគេអះអាងថា ជាឃ្លាំងរបស់លោកឧកញ៉ា ថៃ ស៊ាង ។
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា នៅព្រលប់ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ, លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ចុះសហការជាមួយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមានការចូលរួមពីលោកវីរសេនីយ៍ឯក យឹម សុជាតិ នាយកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច, លោក ហ៊ី រត្នន៍ ក្រឡាបញ្ជី បានចុះពិនិត្យទីតាំងឃ្លាំងទំនិញធំៗ ចំនួន២ ដែលមានម្ចាស់តែមួយ ដែលសង្ស័យថា មាននាំចូលទំនិញបង្កក មកពីប្រទេសថៃ ។
ចំពោះការត្រួតពិនិត្យជាក់ស្ដែង កម្លាំងចម្រុះមិនបានពិនិត្យរកឃើញទំនិញបង្កកនោះទេ ប៉ុន្តែបានរកឃើញផលិតផល ដែលនាំចូលមកពីប្រទេសថៃ ជាច្រើនមុខ ។ បន្ទាប់មក ចំពោះឃ្លាំងទំនិញ ដែលបានរកឃើញផលិតថៃ ជាច្រើនមុខ លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឱ្យសមត្ថកិច្ចជំនាញ សម្រេចបិទឃ្លុំឃ្លាំង ទាំង២ទីតាំងខាងលើជាបណ្ដោះអាសន្ន ដែលសង្ស័យពាក់ព័ន្ធករណីនាំចូល និងស្តុកទុកចរាចរ និងចែកចាយ ផលិតផលមានប្រភពពីប្រទេសថៃ គ្មានច្បាប់អនុញ្ញាត ។
តាមព័ត៌មានឲ្យដឹងទៀតថា ឃ្លាំងទាំងពីរខាងលើរបស់លោកឧកញ៉ា ថៃ ស៊ាង ដែលគេស្គាល់ថា ជាប្រធានក្រុមហ៊ុន TSNR Distribution Co.,Ltd និងជាសមាជិកសភាពពាណិជ្ជកម្មកម្ពុជា ផងដែរ ៕

































































ចែករំលែកព័តមាននេះ