នាងក្រមុំអូស្ត្រាលីម្នាក់ជាកូនស្រីរបស់មហាសេដ្ឋីក្រុងស៊ីដនី មួយឆ្លងកាត់សុបិនអាក្រក់អស់មួយយប់ ក្រោយពីបុរសបិទមុខម្នាក់យករបស់សង្ស័យជាគ្រឿងផ្ទុះមកចងជាប់នឹងករបស់នាង រហូតដល់ពេលប៉ូលិសដោះយករបស់នោះចេញបានដោយប្រើពេលដល់ទៅ១០ម៉ោង។
នាង MADELEINE PULVER អាយុ១៨ឆ្នាំ ជាកូនស្រីពាណិជ្ជករអ្នកមានកំពូលម្នាក់ កាលពីរសៀលថ្ងៃទី៣ សីហា បានស្នាក់ក្នុងគេហដ្ឋានគ្រួសារនាងមួយ ហើយមានបុរសម្នាក់បិទមុខចូលមកក្បែរនាង ហើយចាប់នាងចងភ្ជាប់នឹងកនូវរបស់មួយដែលគេថាជាគ្រាប់បែក។ បុរសបិទមុខនេះ បន្ទាប់មកបានបន្សល់ទុកកំណត់ហេតុមួយ មុនពេលគេចខ្លួនហើយយុវនារីនេះក៏រាយការណ៍ប្រាប់ដល់ប៉ូលិស។
លោក MARK MURDOCH អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់នៃ ប៉ូលិសរដ្ឋ NEW GALLES ខាងត្បូង ថ្លែងកាលពីព្រឹកថ្ងៃទី៤ សីហា ថា កំណត់ហេតុរបស់បុរសបិទមុខគឺ ច្បាស់ណាស់បំផុត ដែលញ៉ាំងឱ្យយើងយល់ថា យើងត្រូវប្រឈមមុខនឹងការគំរាមកំហែងដ៏ខ្លាំងមួយ។ ផ្ទះទាំងឡាយនៅ MOSMAN តំបន់ជាយក្រុងស៊ីដនី ត្រូវជម្លៀសមនុស្សចេញ ហើយវិថីទាំងឡាយត្រូវបិទមិនឱ្យធ្វើចរាចរណ៍ ចំណែកឯក្រុមដោះមីន អ្នកពន្លត់ភ្លើង ប៉ូលិស និងរថយន្តសង្គ្រោះបានបំពេញប្រតិបត្តិការរបស់ពួកគេ។ ប៉ូលិស២នាក់បាននៅក្បែរយុវនារីនេះ ខិតខំលួងលោមនាងធ្វើចិត្តឱ្យស្ងប់ ចំណែកពួកអ្នកដោះមីនធ្វើការដោះគ្រាប់បែកសង្ស័យដែលដាក់ជាប់កនាងក្រមុំ ជាមួយច្រវាក់មួយ ។ អ្នកជំនាញដោះគ្រាប់បែកប្រើពេល១០ម៉ោង ដើម្បីដោះយករបស់នេះចេញបានដែលអ្នកទទួលខុសថា ស្មុគ្រស្មាញ និងទំនើប។
ក្រោយការដោះរបស់សង្ស័យជាគ្រាប់បែកចេញ នាងក្រមុំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីឱ្យក្រុមគ្រូពេទ្យ ពិនិត្យមុនពេលចាកចេញពីពេទ្យទៅជួបជុំឪពុកម្តាយនាងវិញ ។ ប៉ូលិសបន្ទាប់មកស្រាវជ្រាវឃើញថា របស់នេះពុំមានផ្ទុកគ្រឿងផ្ទុះឡើយ។ ឪពុកនារីនេះ លោក WILLIAM PULVER ដែលដឹកនាំក្រុមហ៊ុនធំមួយនិយាយថា កូនស្រីគាត់មានការហត់នឿយ ហើយនៅភ័យខ្លះ ក្រោយពីពាក់របស់សង្ស័យគ្រឿងផ្ទុះអស់ពេលដល់ទៅ១០ម៉ោង ៕
ចែករំលែកព័តមាននេះ