ក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃទី៤ សីហា ដោយកាសែតតំបន់បារាំងឈ្មោះ VAR-MATIN រដ្ឋមន្ត្រីការពារប្រទេសបារាំង លោក GERARD LONGUET ប្រកាសពីការដកចេញពីដែនទឹកលីប៊ី ហើយវិលត្រឡប់ទៅបារាំងវិញរបស់នាវាផ្ទុកយន្តហោះ CHARLES-DE-GAULLE ។
យោងតាមរដ្ឋមន្ត្រីរូបនេះថា នាវាផ្ទុកយន្តហោះបារាំងនេះ ត្រូវវិលត្រឡប់ទៅកាន់ក្រុងទូលូ ជាកំពង់ផែសំចតរបស់ខ្លួនមុនថ្ងៃទី១៥ សីហា។ ទាហានម៉ារីន១.៩០០នាក់ នៅលើនាវានេះចាប់តាំងពី៥ខែមកហើយ ក៏បានមកជួបជុំសាច់ញាតិគ្រួសារដែរ។ ក៏ប៉ុន្តែលោក LONGUET អះអាងជាថ្មីពីការសន្យារបស់បារាំងចំពោះលីប៊ីក្នុងក្របខណ្ឌនៃអន្តរាគមន៍យោធារបស់អូតង់។ លោកមានប្រសាសន៍ថា យើងស្ថិតក្នុងសភាព ការណ៍នៃការដាក់ពង្រាយជាថ្មីនៃមធ្យោបាយរបស់យើងដើម្បីធានារហូតដល់ចុងបំផុតនៃបេសកកម្មរបស់យើងផ្តល់ឱ្យដោយអូតង់។
រដ្ឋមន្ត្រីការពារប្រទេសបារាំងលើកឡើងពីហេតុផល៣សម្រាប់ការដកនាវាផ្ទុកយន្តហោះ CHARLES-DE-GAULLE ជានាវាផ្ទុកយន្តហោះតែមួយគត់របស់បារាំងគឺ ៖ ភាពចាំបាច់នៃការសម្រាករបស់ក្រុមនាវិក ភាពចាំបាច់នៃការថែរក្សាជួសជុលបច្ចេកទេសរបស់នាវាដែលត្រូវធ្វើជាអចិន្ត្រៃយ៍ និងបញ្ហាហ្វឹកហ្វឺនរបស់អ្នកបើកយន្តហោះថ្មីៗសម្រាប់ជំនួសអ្នកដែលប្រចាំការលើនាវាផ្ទុកយន្តហោះនេះនាពេលបច្ចុប្បន្ន ៕
ចែករំលែកព័តមាននេះ