ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ថ្ងៃ​ខួបកំណើត​៨០​ឆ្នាំ​! លោក ត្រាំ ទម្លាយ​បំណងប្រាថ្នា​ធំ​បំផុត​គឺ​ចង់​ឃើញ​ពិភពលោក​មាន​សន្តិភាព

1 ម៉ោង មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) នឹង ប្រារព្ធ​ពិធី​ខួបកំណើត​គម្រប់​៨០​ឆ្នាំ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៦ ឆាប់​ៗ​ខាង​មុខ​នេះ ហើយ​អំឡុង​ពេល​ឆ្លើយឆ្លង​ជាមួយ​អ្នក​សារព័ត៌​មាននៅ​ឯ​សេត​វិមាន​ថ្មី​ៗ​នេះ លោក​ក៏​បាន​ទម្លាយ​អំពី​បំណងប្រាថ្នា​ធំ​ដែល​លោក​ចង់​បានជា​កាដូ​ពី​ថ្ងៃ​ពិសេស​នោះ​ផង​ដែរ​។ នេះ​បើ​តាម​ប្រភព​ពី USA Today បាន​ចេញផ្សាយ​។

លោក​ប្រធានាធិបតី ត្រាំ បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អ្នក​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៦ អំឡុង​ពេល​លោក​កំពុង​តែ​ចុះហត្ថលេខា​លើ​ច្បាប់​ការពារ​សន្តិសុខ​អា​មេ​រិ​ក​នៅ​ក្នុង​ការិយាល័យ​រាង​ពងក្រពើ​នៃ​សេត​វិមាន Oval Office ថា តើ​អ្វី​ជា​បំណងប្រាថ្នា​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​របស់​លោក ក្រៅពី​សន្តិភាព​នៅ​មជ្ឈិមបូព៌ា? លោក​បាន​គិត​មួយសន្ទុះ​មុន​នឹង​ឆ្លើយ​ថា «​សន្តិភាព​សម្រាប់​ពិភពលោក​!» ហើយ​វា​ក៏​ជា​អ្វី​ដូចដែល​លោក​ធ្លាប់​បាន​ប្រកាស​រួច​ហើយ​ថា សេចក្តី​ប្រាថ្នា និង​ការ​តាំងចិត្ត​របស់​លោក​សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ ២០២៦ នោះ​គឺ «​សន្តិភាព​ពិភពលោក​»​។

គួរ​បញ្ជាក់​ថា ខួបកំណើត​ឆ្នាំ​នេះ ខុស​ខួបកំណើត​រាល់ដង ដោយ​ព្រឹត្តិការណ៍​ប្រដាល់​គុន​ចម្រុះ UFC នឹង​ប្រព្រឹត្ត​ទៅ​នៅ​លើ​វាលស្មៅ​ខ្ចី​ខាងត្បូង​សេត​វិមាន​។ សង្វៀន​ទ្រុង និង​ការ​រៀបចំ​ជា​ច្រើន​ទៀត​ធ្វើ​ឡើង​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ​។ លោក ត្រាំ អះអាង​ថា ព្រឹត្តិការណ៍​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ប្រហែល​៥​ពាន់​នាក់​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​នៅ​សេត​វិមាន ដោយ​ត្រូវ​បាន​គ្រោង​ទុកជា​ផ្នែក​មួយ​នៃ​ខួប​លើក​ទី ២៥០ នៃ​បុណ្យ​ឯករាជ្យ​ជាតិ​សហរដ្ឋអាមេរិក​ផង​ដែរ​៕