ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្ត​មណ្ឌលគិរី ​ចុះ​ពិនិត្យ និង​រឹត​បន្តឹង​សន្តិសុខ​នៅ​ទីតាំង​អគារ«​អន​ឡាញ​ស្គេ​ម​» ដែល​បង្ក្រាប​បាន​នៅ​ស្រុក​អូរ​រាំង

20 ម៉ោង មុន

ខេត្តមណ្ឌលគិរី ៖ នា​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៦ លោក គង់ គឹ​ម​នី អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំង​បី​ប្រភេទ ចុះ​ពិនិត្យ​ទីតាំង​អគារ​ប្រព្រឹត្ត​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scam) ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឡោម​ព័ទ្ធ និង​បង្ក្រាប​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​ ។

ប្រតិបត្តិការ​ចុះ​ពិនិត្យ​ផ្ទាល់​នេះ ធ្វើ​ឡើង​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពីលោក ម៉​ម វណ្ណ​ដា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ស្ថិត​នៅ​ចំណុច​ភូមិ​ពូ​ឆប ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​ ។

គួរ​រំលឹក​ផង​ដែរ​ថា ទីតាំង​អគារ​សង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ បើក​ប្រតិបត្តិការ​បង្ក្រាប​យ៉ាង​ក្តៅ​គគុក កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០២៦ ក្រោម​បទល្មើស​បច្ចេកវិទ្យា និង​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ ក្រោយ​ការ​បង្ក្រាប ទីតាំង​ទាំងមូល​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ហ៊ុំ​ព័ទ្ធ និង​បិទ​ជិត​ជា​បណ្តោះអាសន្ន ដើម្បី​រក្សា​ទុក​នូវ​រាល់​វត្ថុ​តាង និង​សម្ភារៈ​ពាក់ព័ន្ធ​នានា សម្រាប់​បម្រើ​ឱ្យ​ចំណាត់ការ​តាម​ផ្លូវច្បាប់ ​។

ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នា​ឱកាស​នោះ លោក គង់ គឹ​ម​នី អភិបាលខេត្ត​មណ្ឌលគិរី បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង លះបង់​កម្លាំងកាយ​ចិត្ត ក្នុង​ការ​បង្ក្រាប​បទល្មើស​ខាងលើ​បាន​ទាន់​ពេលវេលា ការពារ​បាន​នូវ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ ។

ទន្ទឹម​នឹង​នេះ លោក​អភិបាលខេត្ត ក៏​បាន​ផ្តល់​ការ​ណែនាំ និង​ក្រើន​រំ​ឮ​ក​យ៉ាង​ម៉ឺងម៉ាត់​ដល់​កម្លាំង​សមត្ថកិច្ច​ឈរជើង រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ដែល​កំពុង​បំពេញភារកិច្ច​ការពារ​នៅ​ទីតាំង​ផ្ទាល់ ត្រូវ​បន្ត​សហការ​គ្នា​ឱ្យ​បាន​ស្អិតរ​មួ​ត និង​ដាច់ខាត​ត្រូវ​យាមកាម​ឱ្យ​បាន​ម៉ត់ចត់​ខ្ពស់​បំផុត ២៤​ម៉ោង​លើ​២៤​ម៉ោង​ ។

លោក​បាន​បញ្ជាក់​ថា រាល់​សម្ភារៈ បរិក្ខារ​បច្ចេកវិទ្យា និង​វត្ថុ​តាង​គ្រប់យ៉ាង​នៅ​ក្នុង​អគារ​ទាំងនោះ ត្រូវ​តែ​ការពារ​ឱ្យ​បាន​គង់វង្ស មិន​ឱ្យ​មានការ​បាត់បង់ ឬ​មានការ​លួច​បន្លំ​ចូល​ក្នុង​ទីតាំង​ហាមឃាត់​ជា​ដាច់ខាត ដើម្បី​ទុក​ជូន​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ​៕