ទីក្រុងកៀវ៖ ថ្ងៃនេះ អ៊ុយក្រែនវាយប្រហារយ៉ាងខ្លាំងក្លាទៅលើទីក្រុងកំពង់ផែនៅម៉ារីយ៉ូប៉ូល (Mariupol) ដែលគ្រប់គ្រងដោយរុស្ស៊ី និងបណ្ដាលឱ្យរុស្ស៊ីជួបនឹងបញ្ហាពិបាកក្នុងការផ្គត់ផ្គង់ភ័ស្តុភារទៅតំបន់ភាគខាងត្បូង។ យោធាអ៊ុយក្រែនបង្ហោះសារនៅលើហ្វេសប៊ុកថាប្រតិបត្តិការសឹកលើកនេះធ្វើឡើងក្រោមកិច្ចសហការពីកងអង្គភាពទីមួយនៅតំបន់អាហ្វូស (Azov), ភ្នាក់ងារសម្ងាត់អ៊ុយក្រែន (SBU) និងមជ្ឈមណ្ឌលនៃកងប្រតិបត្តិការពិសេស។

យោងតាមសេចក្ដីថ្លែងការណ៍នោះ កំពង់ផែនេះត្រូវរុស្ស៊ីប្រើប្រាស់យ៉ាងសកម្មសម្រាប់ផ្គត់ផ្គង់ជំនួយទៅសមរភូមិមុខ និងក៏ប្រើប្រាស់ដើម្បីដឹកជញ្ជូនទាំងខុសច្បាប់នូវគ្រាប់ធញ្ញជាតិ, ធ្យូងថ្ម និងលោហធាតុដ៏មានតម្លៃរបស់អ៊ុយក្រែនចេញពីទឹកដីអ៊ុយក្រែនដែលគ្រប់គ្រងដោយកងទ័ពរុស្ស៊ីឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី។ ការវាយប្រហារលើកនេះធ្វើឱ្យខូចខាតទីតាំងស្តុកទុកថាមពល ទីតាំងជួសជុលគ្រឿងបរិក្ខារផ្សេងៗ និងទីតាំងរដ្ឋបាលរបស់រុស្ស៊ី ហើយក៏បង្កការខូចខាតចំពោះទីតាំងស្តុកទុកគ្រឿងភ័ស្តុភារសម្រាប់នាំចេញតាមកំពង់ផែផងដែរ។

យោធាអ៊ុយក្រែនថ្លែងបន្តទៀតថារុស្ស៊ីតែប៉ុណ្ណេះអន់ថយនូវសមត្ថភាពដឹកជញ្ជូនគ្រឿងភ័ស្តុភារចេញពីតំបន់ម៉ារីយ៉ូប៉ូលជាមិនខានឡើយ។ សូមជម្រាបថាម៉ារីយ៉ូប៉ូលដែលត្រូវរុស្ស៊ីវាយកាន់កាប់តាំងពីឆ្នាំ២០២២នោះបានក្លាយជាទីតាំងសំខាន់សម្រាប់ការដឹកជញ្ជូនភ័ស្តុភារ និងបុគ្គលិកយោធាឆ្លងទៅប្រទេសអ៊ុយក្រែនភាគខាងត្បូង។ នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត អគ្គសេនាធិការកងទ័ពអ៊ុយក្រែនទទួលស្គាល់ថាករណីវាយប្រហារនេះកាលពីប៉ុន្មានថ្ងៃមុនក៏ជាស្នាដៃរបស់អ៊ុយក្រែនផងដែរ។ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ស៊ីទែនស្តុកទុកប្រេងឥន្ធនៈធំៗចំនួន៨ត្រូវអ៊ុយក្រែនវាយកម្ទេច ខណៈដែលស៊ីទែន៩ទៀតក៏រងការខូចខាតយ៉ាងដំណំ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ