ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​ដាំ​ក្បាល​ចុះ​, ប្រេង​ឆៅ​ឡើងថ្លៃ ខណៈ​ជម្លោះ​ថ្មី​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់​ចាប់ផ្តើម

1 ថ្ងៃ មុន

អន្តរជាតិ ៖ តម្លៃ​មាស​អន្តរជាតិ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៦ បាន​ដាំ​ក្បាល​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​១១​ស​ប្តា​ហ៍ ដោយសារ​ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​កើនឡើង ដែល​បណ្តាល​មក​ពី​ជម្លោះ​ថ្មី​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់ ដែល​ជំរុញ​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​អតិផរណា និង​ការ​ដំឡើង​អត្រា​ការ​ប្រាក់​។ នេះ​បើ​តាម​ប្រភព​ពី Reuters បាន​ចេញផ្សាយ​។

តម្លៃ​មាស​អន្តរជាតិ​ដាំ​ក្បាល​ចុះ​ដល់ ១,៩% មក​នៅ​ត្រឹម ៤ ១៨០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​អោន ឬ​ស្មើនឹង ៥ ០៣៦ ដុល្លារ​ក្នុង​តម្លឹង គិត​ត្រឹម​ម៉ោង ១១ និង ១៥ នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៦ ម៉ោង​នៅ​កម្ពុជា​។

ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​ឡើងថ្លៃ ធ្វើ​ឱ្យ​មាស​ដុំ​ដែល​មាន​តម្លៃ​កំណត់​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក មាន​តម្លៃ​កាន់តែ​ថ្លៃ​សម្រាប់​អ្នក​កាន់​រូបិយប័ណ្ណ​ផ្សេង​ទៀត​។ ចំណែក​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ក៏​បាន​ហក់​ឡើង ១% ដែល​បាន​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​ជុំវិញ​បញ្ហា​អតិផរណា និង​បន្ថែម​ការ​រំពឹង​ទុក​ដែរ​មាន​ស្រាប់​ថា អត្រា​ការ​ប្រាក់​នឹង​រក្សា​នៅ​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​យូរ​ជាង​មុន​។

សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៦ បាន​បើក​ការ​វាយប្រហារ​ប្រឆាំង​នឹង​អ៊ី​រ៉​ង់ បន្ទាប់​ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ថ្លែង​ថា អ៊ី​រ៉​ង់​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ Apache របស់​អា​មេ​រិ​ក​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ដែល​ធ្វើ​ឱ្យ​មានការ​សង្ស័យ​កាន់តែ​ខ្លាំង​លើ​លទ្ធភាព​សម្រេច​បាន​កិច្ចព្រមព្រៀង​សន្តិភាព និង​ធ្វើ​ឱ្យ​កិច្ចព្រមព្រៀង​លើ​បទ​ឈប់​បាញ់​កាន់តែ​ផុយ​ស្រួយ​បន្ថែម​ទៀត​។

ទន្ទឹម​ជាមួយ​គ្នា​នោះ កង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់​បាន​ថ្លែង​ថា ពួក​គេ​បាន​បើក​ការ​វាយប្រហារ​សងសឹក​ប្រឆាំង​នឹង​មូលដ្ឋានទ័ព​អា​មេ​រិ​ក​នៅ​ក្នុង​ប្រទេស​ហ្ស៊​ក​ដា​នី និង​គោលដៅ​ចំនួន ២១ ផ្សេង​ទៀត​ក្នុង​តំបន់​ឈូង​សមុទ្រ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៦ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក​។

យោង​តាម​របាយការណ៍​ពី CME FedWatch បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុម​អាជីវករ​កំពុង​ប៉ាន់​ប្រមាណ​អំពី​ឱកាស​ច្រើន​ជាង ៧០% ដែល​សហរដ្ឋអាមេរិក​នឹង​ដំឡើង​អត្រា​ការ​ប្រាក់​នៅ​ត្រឹម​ខែធ្នូ​។ ស្រប​ពេល​ដែល​ទីផ្សារ​កំពុង​រង់ចាំ​របាយការណ៍​អតិផរណា​ដ៏​សំខាន់​របស់​សហរដ្ឋអាមេរិក​នៅ​ស​ប្តា​ហ៍​នេះ រួម​ទាំង​ទិន្នន័យ​ស​ន្ទ​ស្សន៍​តម្លៃ​អ្នក​ប្រើប្រាស់ (CPI) សម្រាប់​ខែឧសភា​ចេញផ្សាយ​នៅ​ថ្ងៃនេះ និង​ស​ន្ទ​ស្សន៍​តម្លៃ​អ្នក​ផលិត (PPI) ចេញផ្សាយ​នៅ​ថ្ងៃស្អែក ដើម្បី​វាយតម្លៃ​ពី​ជំហរ​គោលនយោបាយ​រូបិយ​វត្ថុ​របស់ Fed៕