ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ស្នើ​ឱ្យ​សារព័ត៌មាន​ថៃ​កែតម្រូវ ក្រោយ​ផ្សាយ​បំភ្លៃ​ប្រសាសន៍​សម្តេច​តេ​ជោ ជុំវិញ​បញ្ហា​ព្រំដែន

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​សម្តេច​តេ​ជោ ច្រាន​ចោលការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ​មួយ​ចំនួន ដែល​ដកស្រង់​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ខុស​ពី​ការ​ពិត ជុំវិញ​ជំហរ​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ។

អ្នកនាំពាក្យ​សម្តេច​តេ​ជោ សូម​ជម្រាប​ជូន​សាធារណ​ជនជាតិ និង​អន្តរជាតិ ជ្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៦ ក្នុង​ពេល​ចុះ​សួរសុខទុក្ខ​ជនភៀសសឹក​នៅ​ខេត្តបន្ទាយមានជ័យ សម្តេច​តេ​ជោ ប្រមុខរដ្ឋ​ស្តីទី មិន​បាន​ប្រកាស​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ដោយ​ប្រើប្រាស់​កម្លាំងយោធា ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ​មួយ​ចំនួន​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ សម្តេច​តេ​ជោ បាន​បដិសេធ​ជំហរ​ប្រើប្រាស់​កម្លាំង​យោ​ធោ ក្នុង​ការ​ដោះស្រាយ​បញ្ហា ។

អ្នកនាំពាក្យ​សម្តេច​តេ​ជោ បញ្ជាក់​ថា ក្នុង​សុន្ទរកថា កាលពី​ព្រឹក​មិ​ញ សម្តេច​តេ​ជោ គ្រាន់តែ​លើក​ឡើង​ចោទ​ជា​សំណួរ​នូវ​ជម្រើស​ពីរ​ឲ្យ​ជនរួមជាតិ​ពិចារណា​ប៉ុណ្ណោះ ដោយ​ទី​១-​ជម្រើស​ប្រើប្រាស់​កម្លាំងយោធា ដើម្បី​ដណ្តើម​យក​ទឹកដី ដែល​ថៃ​ដណ្តើម​កាន់កាប់​ត្រឡប់​មក​វិញ និង​ជម្រើស​ទី​២-​ជម្រើស​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ដោយ​សន្តិវិធី​តាម​រយៈ​យន្តការ​ច្បាប់​អន្តរជាតិ ។ ក្នុង​ចំណោម​ជម្រើស​ទាំង​ពីរ​នេះ សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់​ថា ជម្រើស​ទី​១ គឺ​ការ​ប្រើ​កម្លាំងយោធា កម្ពុជា មិន​ត្រូវការ​ឡើយ តែ​សម្តេច​ប្រមុខរដ្ឋ​ស្តីទី បាន​ប្រកាស​ជំហរ​យ៉ាង​ច្បាស់​ទៅ​កាន់​ជនរួមជាតិ​ថា កម្ពុជា​ជ្រើស​យក​ជំហរ​នៃ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ផ្អែក​តាម​យន្តការ​ច្បាប់​អន្តរជាតិ ។

ដូច្នេះ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់​នូវ​ជំហរ​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​តាម​យន្តការ​ច្បាប់​អន្តរជាតិ​។ អ្នកនាំពាក្យ​សម្តេច​តេ​ជោ សូម​ស្នើ​ឲ្យ​សារព័ត៌មាន​ថៃ កែតម្រូវ និង​បញ្ឈប់​នូវ​ការ​ចុះ​ផ្សាយ​នូវ​ព័ត៌មាន​មិន​ត្រឹមត្រូវ ដែល​វា​មិន​ចំណេញ​ដល់​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ នោះ​ទេ ៕