ក្រសួងការពារប្រទេសចិនកាលពីថ្ងៃទី៤ សីហា បានសំដែងពីការប្រឆាំងរបស់ខ្លួនយ៉ាងខ្លាំងចំពោះសៀវភៅសរបស់ក្រសួងការពារប្រទេសជប៉ុនដោយប្រកាសថា ឯកសារនោះដែលនិយាយជាពិសេសពីទ្រឹស្តីនៃការគំរាមកំហែងរបស់ចិន លើកឡើងពីហេតុផលមិនសមស្រប។ អ្នកនាំពាក្យរបស់ក្រសួងការពារប្រទេសចិនលោក GENG YANSHENG បានអះអាងបែបនេះជាការឆ្លើយតបចំពោះសំណួរមួយទាក់ទិនទៅនឹងសៀវភៅសនោះដែលចេញផ្សាយកាលពីថ្ងៃទី២ សីហា កន្លងមកដោយរដ្ឋាភិបាលជប៉ុន។
អ្នកនាំពាក្យរូបនេះគូសបញ្ជាក់ថា ចិនប្រកាន់ជានិច្ចយកមាគ៌ានៃការអភិវឌ្ឍដោយសន្តិវិធី និងនយោបាយសំដៅបង្កើតភាពជាដៃគូ ព្រមទាំងទំនាក់ទំនងមិត្តភាពជាមួយបណ្តាប្រទេសជិតខាង ហើយចិននឹងបន្តនយោបាយការពារជាតិរបស់ខ្លួន។ ចិនកំពុងធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធការពារជាតិ និងកងទ័ពរបស់ខ្លួនក្នុងគោលបំណងតែមួយគត់ គឺការពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីរបស់ប្រទេស ព្រមទាំងធានាដល់ការអភិវឌ្ឍដ៏ល្អប្រសើរនៃសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។ យើងសង្ឃឹមថា ភាគីជប៉ុននឹងគិតទៅដល់ទំនាក់ទំនងចិន-ជប៉ុន ហើយនិងពង្រឹងទំនាក់ទំនងដែលមានការជឿទុកចិត្តគ្នាទៅវិញទៅមកជាមួយបណ្តាប្រទេសជិតខាង ដោយថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕
ចែករំលែកព័តមាននេះ