គ្រូទាយម្នាក់ ត្រូវបានអាជ្ញាធរចុះណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពទស្សន៍ទាយតាមអនឡាញ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ គ្រូទាយម្នាក់ដែលបានធ្វើសកម្មភាពទស្សន៍ទាយតាមបណ្ដាញសង្គម កាលពីសប្តាហ៍ កន្លងទៅ ត្រូវបានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ ឆ្នាំងសហការជាមួយរដ្ឋបាលស្រុកទឹកផុស ចុះណែនាំឱ្យ បញ្ឈប់សកម្មភាព ទស្សន៍ទាយ តាមបណ្ដាញសង្គម ជាបន្តទៀត ។
លោក ឡុច វ៉ាន់នីន ប្រធានការិយាល័យសង្គមកិច្ចនិងសុខមាលភាពសង្គម បាទឱ្យដឹងថា មន្ត្រីនៃមន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង រួមទាំងមន្ត្រី សាលាស្រុកទឹកផុស អាជ្ញាធរភូមិឃុំ ប៉ុស្តិ៍រដ្ឋបាល កាលពីសប្តាហ៍កន្លងទៅនេះ បានចុះទៅណែនាំអប់រំនិងធ្វើកិច្ចសន្យា ដល់លោក ផុន កុម្ភៈ ភេទប្រុសអាយុ ២២ ឆ្នាំ មុខរបរគ្រូខ្មែរ ញាណផ្លូវក្នុង ឱ្យបញ្ឈប់ជាបន្ទាន់ ការមើលជំងឺនិងផុសតាមបណ្ដាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា។
លោកបានបញ្ជាក់ថា រាល់ជំនឿ ដែលបងប្អូនខ្មែរយើងជឿ មិនហាមឃាត់ ឱ្យជឿនោះទេ ប៉ុន្តែខុសត្រង់ថា លោកព្យាបាលជំងឺហើយផុសតាមបណ្ដាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដោយវិស័យព្រះពុទ្ធសាសនា។ នៅក្នុងកិច្ចសន្យាលោកបានបញ្ជាក់ថា ទីមួយ ឈប់ឱ្យបង្ហោះសកម្មភាពព្យាបាលអ្នកជំងឺតាមបណ្ដាញព័ត៌មានសង្គម ទី២ បញ្ឈប់ការបង្កសំឡេងរំខានដល់អ្នកជិតខាង ,ទី 3 មិនធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃព្រះពុទ្ធសាសនានិងវិស័យសុខាភិបាល និងទី ៤ ត្រូវសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
បើតាមព័ត៌មានក្រៅផ្លូវការ ពីអ្នកជិតខាងថា គ្រូទស្សន៍ទាយអាយុ ២២ ឆ្នាំម្នាក់នេះចេញប្រកបមុខរបរទស្សន៍ទាយនៅឆ្នាំ ២០២៤ មកម្ល៉េះ ៕




ចែករំលែកព័តមាននេះ