រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានបន្តអនុវត្តអនុក្រឹត្យលេខ០៣របស់រដ្ឋាភិបាល ដោយចុះធ្វើរដ្ឋបាលបើកចំហ ដើម្បីទប់ស្កាត់បទល្មើស Online Scams ក្នុងមូលដ្ឋានខ្លួន ។
នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ក្រោមការដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ បានបន្តការចុះត្រួតពិនិត្យអគារជួលការស្នាក់នៅដ៏ធំមួយកន្លែងយីហោ ប៉ោលី ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
លោក ណុប ផា អភិបាលរង ខណ្ឌ៧មករា ឲ្យដឹងថា ក្រោមការអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពខណ្ឌ ក្រោមការដឹកនាំដោយលោកអភិបាលខណ្ឌ តែងតែចុះត្រួតពិនិត្យជាប្រចាំ ទៅតាមបណ្តាទីតាំងផ្តល់ការស្នាក់នៅតូចធំនានាទាំងអស់ក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ និងបោសសម្អាតដាច់ខាតលើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយមិនអនុញ្ញាតឲ្យក្រុមឧក្រិដ្ឋជន យកប្រទេសកម្ពុជា ជាជម្រកសម្រាប់ប្រព្រឹត្តិបទល្មើសនេះនោះឡើយ ។
សូមបញ្ជាក់ថា ក្នុងករណីបើកម្លាំងអាជ្ញាធរមានសមត្ថកិច្ចរកឃើញថា ម្ចាស់ទីតាំងផ្តល់ការស្នាក់នៅដល់ជនទាំងឡាយណាប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នោះអ្នកផ្តល់ការស្នាក់នៅនោះនឹងត្រូវទទួលរងការផាកពិន័យចំនួន៤លានរៀល ក្នុងជនល្មើសម្នាក់ ដោយមិនទាន់គិតពីទោសទណ្ឌដទៃផ្សេង ដែលមានចែងក្នុងច្បាប់ជាធរមាន ៕







ចែករំលែកព័តមាននេះ