ខេត្តស្វាយរៀង ៖ កូនគោភ្លោះ៤ក្បាលដែលរលូតកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣១ កក្កដា កន្លងមក បន្ទាប់ពីត្រូវម្ចាស់ក្លាស្សេទុករយៈពេល១ថ្ងៃ១យប់មក នៅល្ងាចថ្ងៃទី១ សីហា ត្រូវលោកសូរ ខេន អាយុ៥៣ឆ្នាំ ជាម្ចាស់រួមទាំងក្រុមគ្រួសារ និងអ្នកជិតខាងនាំយកទៅបញ្ចុះនៅក្នុងវត្តស្លាដោយមានរៀបចំគ្រឿងរណ្តាប់យ៉ាងត្រឹមត្រូវ និងមាននិមន្តព្រះសង្ឃបង្សុកូលឧទ្ទិសកុសលសុំសេចក្តីសុខសប្បាយផងដែរ ។
កូនគោភ្លោះទាំង៤ក្បាលនេះមានសម្បុរខុសៗគ្នាឈ្មោល២ និងញី២មានទម្ងន់សរុបប្រមាណ១០គីឡូក្រាម បានរលូតចេញពីមេគោរបស់គ្រួសារកសិករក្រីក្រមួយដែលមានប្តីឈ្មោះសូរ ខេន អាយុ៥៣ឆ្នាំ និងប្រពន្ធឈ្មោះញែម ផែន អាយុ៥០ឆ្នាំ មានកូនចំនួន៦នាក់ ស្រីម្នាក់ មានទីលំនៅក្នុងភូមិត្រោក ឃុំឈើទាល ស្រុកស្វាយជ្រំ ។
តាមការរៀបរាប់របស់ម្ចាស់គោឱ្យដឹងថា ពេលដែលមេគោរបស់គាត់រលូតកូន៤ក្បាលមករូបគាត់មិនបានគិតដល់រឿងអបិយជំនឿនោះទេ ប៉ុន្តែបន្ទាប់ពីក្លាស្សេកូនគោទាំង៤ក្បាលនោះទុកបាន១ថ្ងៃ១យប់ ចាស់ៗនៅក្នុងភូមិបានទៅរក គ្រូចៅអធិការវត្តក្រោលគោទស្សន៍ទាយមើលថា តើគួរធ្វើយ៉ាងណាចំពោះសពកូនគោទាំង៤ក្បាលនោះ ដើម្បីឱ្យបានសុខសប្បាយ ។ ក្រោយពីទស្សន៍ទាយរួចព្រះគ្រូចៅអធិការបានមានថេរដីកាឱ្យយកសពកូនគោទាំង៤ក្បាល ទៅបញ្ចុះនៅ វត្តស្លាដោយរៀបដាក់ស្រូវពន្លៃ ទៀន ធូបឱ្យបានត្រឹមត្រូវ និងនិមន្តព្រះសង្ឃ៣អង្គសូត្រមន្តបង្សុកូលឧទ្ទិសកុសលឱ្យកូនគោទាំង៤ក្បាលទៀតផង ដើម្បីសុំសេចក្តីសុខសប្បាយនៅក្នុងគ្រួសាររបស់គាត់ ។
លោកសូរ ខេន បន្តថា ដោយស្តាប់តាមថេរដីការបស់ព្រះគ្រូចៅអធិការវត្តក្រោលគោទើបរូបគាត់ និងក្រុមគ្រួសាររួមជាមួយអ្នកជិតខាងនាំយកសពកូនគោទាំង៤ក្បាលនោះទៅបញ្ចុះនៅវត្តស្លានៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១ សីហា ។ រូបគាត់ធ្វើបែបនេះ មិនមែនជឿទៅលើអបិយជំនឿអ្វីទេ គឺគ្រាន់តែធ្វើដើម្បីសុំសុខសប្បាយក្នុងក្រុមគ្រួសារគាត់ប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ