អតីតប្រធានាធិបតីអេហ្ស៊ីប លោកហ៊ូស្នី មូបារ៉ាក់ ក្រោយពីដឹកតាមយន្តហោះពិសេសមួយគ្រឿងមកកាន់តុលាការនៅទីក្រុងគែរ ត្រូវគេនាំតាមគ្រែស្នែងមួយចូលមកក្នុងបន្ទប់សវនាការដែលលោកអាចប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត។
លោកមូបារ៉ាក់ ត្រូវនាំចូលតុលាការដែលបើកសវនាការកាត់ទោសលោកកាលពីថ្ងៃទី៣ សីហា ។ លោកហូស្នី មូបារ៉ាក់ ដេកលើគ្រែមន្ទីរពេទ្យមួយមានទឹកមុខចុះស្គម ភ្នែកឡើងស្រអាប់ ហើយអមដោយកូនប្រុសលោក២នាក់ លោកអាឡាអា និងលោកហ្គាម៉ាល់ ដែលស្លៀកឈុតពណ៌ស នៃអ្នកទោស ។ អ្នកទាំងនេះស្ថិតនៅក្នុងទ្រុងដែកមួយសម្រាប់ពួកអ្នកជាប់ចោទនៅអេហ្ស៊ីប ។
លោកមូបារ៉ាក់ បដិសេធរាល់ការចោទប្រកាន់ប្រឆាំងរូបលោក ។ លោកថ្លែងថា «ខ្ញុំបដិសេធរាល់ការចោទប្រកាន់ទាំងស្រុងតែម្តង»។ ទទួលការចោទប្រកាន់ពីបទពុករលួយ
និងការរួមគំនិតសម្លាប់ពួកបាតុករពេលមានការបះបោរដែលបង្ខំឱ្យលោកលាលែងចេញពីតំណែងកាលពីថ្ងៃទី១១ កុម្ភៈ លោកមូបារ៉ាក់ អាចប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត៕
ចែករំលែកព័តមាននេះ