World Cup ៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះ (FIFA World Cup 2026) មានលក្ខណៈពិសេសបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលអ្នកគាំទ្រត្រូវដឹងមិនអាចរំលងបានឡើយ។ តើអ្នកគាំទ្រត្រូវដឹងអ្វីខ្លះពីព្រឹត្តិការណ៍លំដាប់យក្សមួយនេះ?
+ក្រុមច្រើនបំផុតមិនធ្លាប់មាន ៖ នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោករយៈជិត១០០ឆ្នាំដែលមានក្រុមជម្រើសជាតិច្រើនបំផុតចូលរួមពោលគឺរហូតដល់៤៨ក្រុម។ កន្លងមកមានត្រឹមតែ៣២ក្រុមប៉ុណ្ណោះនៅជុំចុងក្រោយ ប៉ុន្តែនៅឆ្នាំ ២០២៦ ត្រូវបានបង្កើនរហូតដល់៤៨ក្រុម ។ ការប្រកួតរៀបចំនៅទីក្រុងចំនួន១៦ផ្សេងគ្នា និងមានការប្រកួតសរុបចំនួន ១០៤ ប្រកួត ដូច្នេះគ្រាប់បាល់កាន់តែច្រើន។
+វគ្គជម្រុះ៣២ក្រុមចុងក្រោយកាន់តែរំជើបរំជួល ៖ កន្លងមក ការប្រកួតវគ្គ៣២ក្រុមគឺស្ថិតនៅក្នុងវគ្គសន្សំពិន្ទុក្នុងពូល ប៉ុន្តែនៅឆ្នាំ ២០២៦ វគ្គ៣២ក្រុមគឺជាវគ្គចាញ់ធ្លាក់ និងឈ្នះឡើងវគ្គបន្ត ដូច្នេះពិតជារំជើបរំជួលដែលមាន១៦ ក្រុមធ្លាក់ត្រឹមវគ្គនេះ និង១៦ក្រុមត្រូវឡើងទៅវគ្គបន្តទៀត។
+ម្ចាស់ផ្ទះ៣ប្រទេសមិនធ្លាប់មាន ៖ វាអាចចាត់ទុកជាបទពិសោធថ្មី ប្លែកសម្រាប់អ្នកគាំទ្រក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ដែលមានប្រទេស៣ទទួលធ្វើម្ចាស់ផ្ទះគឺ សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ហើយពិធីបើកផ្លូវការធ្វើឡើងទាំង៣ប្រទេសតែម្តង ដែលនឹងមានការបង្ហាញពីលក្ខណៈពិសេសនៃសក្តានុពល និងវប្បធម៌របស់ប្រទេសនីមួយៗ។
ជាពិសេស កីឡដ្ឋាន Azteca នឹងចារជាប្រវត្តិសាស្ត្រដែលប្រទេសម៉ិកស៊ិក រៀបចំការប្រកួតជើងឯកពិភពលោក ៣ លើក។
+រជ្ជកាលចុងក្រោយរបស់វីរបុរសបាល់ទាត់មួយចំនួន ៖ វីរបុរសបាល់ទាត់មួយចំនួនអាចនឹងក្លាយជាការប្រកួតចុងក្រោយរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកមានដូចជា Lionel Messi អាយុ៣៩ឆ្នាំ និងCristiano Ronaldo អាយុ៤១ឆ្នាំ ព្រមទាំងកីឡាករល្បីមួយចំនួនទៀត ។ អ្នកគាំទ្រត្រូវតែតាមដានទស្សនាពួកគេក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យកើតឡើង៤ឆ្នាំម្តងនេះ ហើយអ្នកគាំទ្រក៏ចង់ឃើញពួកគេឈ្នះពាន FIFA World Cup 2026 ផងដែរ ជាពិសេសកីឡាករCristiano Ronaldo ដែលមិនទាន់ស្គាល់រសជាតិលើកពាន World Cup នៅឡើយនៅក្នុងអាជីពរបស់ខ្លួន។
+មានអ្នកទស្សនាតាមអនឡាញច្រើនបំផុត៖ ការប្រកួតនៅពេលរសៀលរហូតដល់ពេលយប់នៅសហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៊ិក គឺត្រូវនឹងពេលព្រឹកនៅតំបន់អាស៊ី ដូច្នេះច្បាស់ណាស់ជាពេលវេលាងាយស្រួលទស្សនា ។ប្រការនេះត្រូវបានគេព្យាករថា នឹងមានអ្នកទស្សនាតាមអនឡាញច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ World Cup។
+ដាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងផ្ដល់ភាពងាយស្រួលដល់អ្នកគាំទ្រ ៖ FIFA World Cup 2026 ត្រូវបានគេដាក់ប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើបដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព គុណភាពនិងសុចរិតភាព ដូចជាប្រព័ន្ធបច្ចេកវិទ្យាជួយដល់អាជ្ញាកណ្តាលហៅកាត់ថា VAR ប្រព័ន្ធបច្ចេកវិទ្យាចាប់ offside ដោយស្វ័យប្រវត្តិ នៅទីលាន
និងកន្លែងអង្គុយដែលជួយដល់អ្នកគាំទ្រងាយស្រួលចេញ-ចូលជាដើម ៕




ចែករំលែកព័តមាននេះ