ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ជិះ​កង់​ពី​ភ្នំពេញ​ទៅ​សៀមរាប​ដើម្បី​ប្រមូល​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ជិះ​កង់​ដើម្បី​ទាំងអស់​គ្នា លើក​ទី​៣ ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ «​ជិះ​កង់​ដើម្បី​កុមារ​កម្ពុជា​អបអរ​ទិវា​ជិះ​កង់​ពិភពលោក និង​ទិវា​កុមារ​អន្តរជាតិ​» ដែល​បាន​ចេញដំណើរ​នៅ​ព្រឹក​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៦ ចម្ងាយ ៣១០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប ក្រោម​ជំនួយ​ឧបត្ថម្ភគាំទ្រ​ដោយ​សម្ព័ន្ធ​កីឡា​ទោចក្រយាន​អន្តរជាតិ (UCI) បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ និង​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​។

លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា បាន​គូសបញ្ជាក់​ថា អ្នក​ចុះ​ឈ្មោះ​ចូលរួម​ជិះ​កង់​មាន​ចំនួន​១៨០​នាក់ ប៉ុន្តែ​សម្រាប់​អ្នក​ត្រៀម​ចូលរួម​ជិះ​កង់​ដោយ​មិនបាន​ចុះ​អាច​ឡើង​ដល់​ជាង​៥០០​នាក់ ដោយ​ពួក​គាត់​ជិះ​កង់​អមដំណើរ និង​ជូន​ដំណើរ​តាម​ផ្លូវ​កាត់​ទីតាំង​ខេត្ត​របស់​គាត់ ។ ចំណែក​ខេត្ត​ដែល​មាន​អ្នកចូលរួម​ជិះ​កង់​អមដំណើរ​ច្រើន​ជាងគេ គឺ​សៀមរាប ហើយ​នៅ​ក្នុង​ថ្ងៃ​ដដែល​សរុប​កីឡាករ​ចូលរួម​មាន​ចំនួន​ជាង​៥០០​នាក់​។

លោក​អគ្គលេខាធិការ សង្កត់ធ្ងន់​ថា នេះ​ជា​ឆ្នាំ​ទី​៣​ហើយ​ដែល​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​បាន​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​បែប​នេះ ដើម្បី​សប្បុរសធម៌ ដោយ​ជិះ​កង់​ពី​ភ្នំពេញ​ទៅ​ខេត្តសៀមរាប​។

ចំពោះ​គោលបំណង​ចម្បង​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​ដើម្បី​ទាំងអស់​គ្នា​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​អបអរសាទរ​ទិវា​ជិះ​កង់​ពិភពលោក (World Bicycle Day 3 June ) និង​ទិវា​កុមារ​អន្តរជាតិ (International Children Day 1 June) និង​ការ​ជិះ​កង់​ដើម្បី​សហគមន៍ ជួយ​រៃ​អង្គាស និង​កៀរគរ​ថវិកា សម្ភារៈ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប ។ ព្រមទាំង​បន្ត​បំផុស​ការ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ជូន​ដល់​កីឡាករ កីឡាការិនី និង​មហាជន​ឱ្យ​ចូលរួម​លេង​កីឡា​ជិះ​កង់ ដើម្បី​សុខភាព មិត្តភាព សាមគ្គីភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត​។

តាម​រយៈ​ការ​រៀបចំ​នេះ សហព័ន្ធ​ចង់ឱ្យ​ក្រុម​ជិះ​កង់​នៅ​ខេត្ត​បាន​ចូលរួម​សហការ​គ្នា​ក្នុង​ដំណើរ​ជិះ​កង់​កម្សាន្ត ដើម្បី​គោលដៅ​សប្បុរសធម៌ និង​ការ​ជិះ​កង់​ចម្ងាយ​ឆ្ងាយ​ទៅ​កាន់​ខេត្តសៀមរាប ក៏​ដូច​ជា​គោលដៅ​រួមចំណែក​ដល់​ការ​ផ្សព្វផ្សាយ​វិស័យ​កីឡា​ជិះ​កង់ និង​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ផង​ដែរ​។

សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ចាត់​ទុក​ថា ព្រឹត្តិការណ៍​ជិះ​កង់​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ គឺ​ដើម្បី​រួមចំណែក​ដល់​កិច្ចការ​សប្បុរសធម៌ ក៏​ដូច​ជា​លើក​ស្ទួយ​ដល់​កីឡា​ទោចក្រយាន​កម្ពុជា​មាន​សកម្មភាព​កាន់តែ​ផុសផុល​ឡើង​បន្ថែម​ទៀត ៕