ខេត្តព្រះវិហារ ៖ រសៀលថ្ងៃទី៣ សីហា ២០១១ ប្រតិភូប៉ូលិសខេត្តចំប៉ាសាក់ ប្រទេសឡាវ ចំនួន២២នាក់ ដឹកនាំដោយឧត្តមសេនីយ៍ត្រី លោកខាំបនសម័យ អិនស៊ីម៉ន ស្នងការប៉ូលិសខេត្តចំប៉ាសាក់ និងប៉ូលិសស្នងការដ្ឋានខេត្តស្ទឹងត្រែង ចំនួន២៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍រាជ សុឃុន ស្នងការប៉ូលិសខេត្តស្ទឹងត្រែងបានទៅដល់ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីវេលាម៉ោង១៦រសៀល ដើម្បីបើកកិច្ចប្រជុំពិភាក្សាជុំវិញកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើស និងសណ្តាប់ធ្នាប់សន្តិសុខតាមបណ្តោយព្រំដែនខេត្តទាំង៣ ។
នារសៀលថ្ងៃដដែលនោះដែរ លោកឧត្តមសេនីយ៍ត្រីម៉ៅ ពៅ ស្នងការប៉ូលិសខេត្តព្រះវិហារ ជាម្ចាស់ផ្ទះបានឱ្យដឹងថា ក្រុមការងារប៉ូលិសទាំងបីខេត្តខាងលើនឹងបើកកិច្ចប្រជុំនៅសាលប្រជុំនៃស្នងការដ្ឋានប៉ូលិសខេត្តព្រះវិហារ នាវេលាម៉ោង២រសៀលនាថ្ងៃទី៤ សីហា នេះ រយៈពេល៣ម៉ោង។ កិច្ចប្រជុំរបស់ប៉ូលិសទាំង៣ខេត្តជាប់ព្រំដែននេះធ្វើឡើងដោយមានលោកអ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ ចូលរួមជាអធិបតីក្នុងកិច្ចពិភាក្សាគ្នាឱ្យបានល្អិនល្អន់ជុំវិញវិធានការបង្ក្រាបបទល្មើសការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសន្តិសុខព្រំដែនរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងក្នុងនាមជាប្រទេសភូមិផងរបងជាមួយ ៕
ចែករំលែកព័តមាននេះ