រាជធានីភ្នំពេញ ៖ រថយន្តដឹកកុងតឺន័រ ពាក់ស្លាកលេខ ស្វាយរៀង 3A-0119 មួយគ្រឿង បានបើកទាញចង្កូតនៅចំណុចស្តុបចេនឡា កែងនឹងស្តុបអ៊ីនធើរខន បណ្តាលឱ្យក្រឡាប់ទាំងជំហរ ដេកនៅលើថ្នល់។ ទោះបីជាយ៉ាងណា ពុំបណ្តាលឱ្យមនុស្សរងរបួសធ្ងន់ធ្ងរឡើយ គឺមានមនុស្ស២នាក់រងរបួសស្រាល និងខូចខាតរ៉ឺម៉កដឹកអេតចាយ១គ្រឿង។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០យប់ថ្ងៃទី៣ សីហា នៅចំណុចស្តុបចេនឡា មហាវិថីម៉ៅសេទុង កែងវិថីព្រះមុនីរ៉េត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ ១-ឈ្មោះផាន់ ណារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជាអ្នករើសអេតចាយ មានលំនៅភូមិដំណាក់ធំ១ បានរងរបួសជើង ២-ឈ្មោះយិន សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ ជាព្រូរថយន្ត មានទីលំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរបួសដោយមុតកញ្ចក់ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកកុងតឺន័របើកបរក្នុងល្បឿនលឿន តាមមហាវិថីម៉ៅសេទុង ពីត្បូងទៅជើង ។ នៅពេលធ្វើដំណើរមកដល់ចំណុចស្តុបចេនឡា រថយន្តនោះក៏បានបត់ឆ្វេងទៅតាមវិថីព្រះមុនីរ៉េត ទៅទិសខាងលិច ។ដោយសារតែល្បឿនលឿន និងដោយសារតែអ្នកបើកបរទាញចង្កូតបត់ខ្លាំង រថយន្តកុងតឺន័រក៏បានក្រឡាប់ទៅស្តាំដៃទាំងជំហរ ហើយកិនទៅលើរ៉ឺម៉កដឹកអេតចាយ បណ្តាលឱ្យម្ចាស់រ៉ឺម៉កបានរងរបួសជើង។ នេះចាត់ទុកជាសំណាងហើយដែលរថយន្តកុងតឺន័រដែលមានបណ្តោយប្រវែង១៤ម៉ែត្រ ក្រឡាប់ដេកលើដងផ្លូវពុំបណ្តាលឱ្យសង្កត់ទៅលើអ្នកដំណើរនោះ។
តាមសាក្សីបន្តទៀតថា បន្ទាប់ពីរថយន្តក្រឡាប់គេឃើញមនុស្សដែលជិះក្នុងកាប៊ីនរថយន្តចំនួន៣នាក់ បានលូនចេញតាមកញ្ចក់មុខរថយន្ត រួចគេចខ្លួនបាត់នៅសល់តែម្នាក់ឈ្មោះយិន សុភ័ក្រ ជាព្រូរថយន្តដែលរបួសស្រាល ត្រូវសមត្ថកិច្ចប៉ូលិសខណ្ឌទួលគោក ឃាត់ខ្លួន ដើម្បី សាកសួរដោយសង្ស័យថា ជាអ្នកបើកបររថយន្ត តែត្រូវជននោះអះអាងថា ជាព្រូរថយន្ត។
តាមឈ្មោះយិន សុភ័ក្រ ដែលអះអាងថា ជាព្រូរថយន្តបានឱ្យដឹងថា រថយន្តកុងតឺន័រនោះជារបស់ក្រុមហ៊ុនត្បូងពេជ្រ ។ មុនពេលគ្រោះថ្នាក់រថយន្តដឹកអាវជជុះចេញពីសង្កាត់ទួលស្វាយព្រៃ ម្តុំសាលាទួលស្វាយព្រៃ ក្នុងគោលបំណងទៅក្រុងប៉ោយប៉ែត ដោយមានមនុស្សជិះ៣នាក់ ៕
ចែករំលែកព័តមាននេះ