ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខណ្ឌទាំង ១៤ ​ចុះ​ត្រួតពិនិត្យ​អគារ​ខុន​ដូរ អា​ផាត​មិន បុរី ផ្ទះសំណាក់ និង​សណ្ឋាគារ​ចំនួន ៨១​ទីតាំង រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​៧០៥​នាក់ ក្នុង​នោះ​២៤​នាក់ គ្មាន​លិខិតឆ្លងដែន

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៦ ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​របស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​តាម​ទីតាំង​អគារ​ខុន​ដូរ អា​ផាត​មិន បុរី ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន ក្នុង​គោលដៅ​ប្រតិបត្តិការ​បោសសម្អាត​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ​។

នេះ​បើ​តាម​លោកស្រី​ដោ សម្ផស្ស នាយិកា​រង​រដ្ឋបាល​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​៣១​ឧសភា​២០២៦​។

លោកស្រី​អ្នកនាំពាក្យ​បន្ត​ថា​៖​ក្នុង​កិច្ច​ប្រតិបត្តិការ​តាម​ទីតាំង​ខាងលើ ជា​លទ្ធផល​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បាន​ធ្វើការ​ត្រួតពិនិត្យ ទីតាំង​សរុប​ចំនួន ៨១​ទីតាំង រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​សរុប​ចំនួន ៧០៥​នាក់ (​ស្រី ១៧៤​នាក់​) ក្នុង​នោះ​ជនបរទេស​ចំនួន ២៤​នាក់ ស្នាក់​នៅ​ដោយ​គ្មាន​លិខិតឆ្លងដែន ឬ​ឯកសារ​ត្រឹមត្រូវ ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដើម្បី​បន្ដ​នីតិវិធី​។​នេះ​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤​ដែល​បាន​អនុវត្ត​តាម​ការ​បញ្ជា​ផ្ទាល់​របស់ ឯកឧត្តម ឃួ​ង ស្រេង ទ​ទួ​បាន​លទ្ធផល​ល្អជា​បន្តបន្ទាប់​។

លោក​ស្រ៏​បន្ត​ទៀត​ថា​នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​អនុវត្ត​ការ​ផាកពិន័យ​ចំពោះ​ម្ចាស់ ឬ​អ្នកគ្រប់គ្រង ទីតាំង​រស់នៅ​ប្រមូលផ្ដុំ​ស្រប​តាម​អនុក្រឹត្យ​លេខ​០៣ អន​ក្រ​.​បក មាត្រា​២០ ជំពូក​ទី​៦ ស្ដី​ពី​ទណ្ឌកម្ម បាន​ផាកពិន័យ​សរុប​ចំនួន ៤​ទីតាំង មនុស្ស​ចំនួន ១៩​នាក់ គិត​ជា​ថវិកា​សរុប​បាន​ចំនួន ៧៦.០០០.០០០​រៀល​៕