នាយករដ្ឋមន្ត្រីដែលត្រៀមរៀបបង្វេចចេញ ពីតំណែងនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វ៉េចាជីវ៉ា នឹងថ្លែងការណ៍ជាលើកចុងក្រោយរបស់គាត់ក្នុងនាមជានាយករដ្ឋមន្ត្រីនៅរាត្រីថ្ងៃព្រហស្បតិ៍ទៅ កាន់ជនរួមជាតិស្តីពីស្ថានភាពប្រទេសជាតិនាពេលបច្ចុប្បន្នសម្រាប់ជាប្រយោជន៍ដល់រដ្ឋាភិបាលថ្មីដែលនឹងបន្តដឹកនាំប្រទេស។
អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីថៃលោក Satit Wongnongtaey និយាយកាលពីថ្ងៃពុធថា លោកអាប់ភីស៊ីត នឹងធ្វើសេក្តីថ្លែងការណ៍តាមទូរទស្សន៍ប្រហែល១០នាទីនៅវេលាម៉ោង៨និង ៣០នាទីដើម្បីគូសបញ្ជាក់ពីស្ថានភាពប្រទេសជាតិ បច្ចុប្បន្នទៅកាន់ប្រជាជនថៃនិងរដ្ឋាភិបាលថ្មី។ សេចក្តីថ្លែងការណ៍នឹងត្រូវបានថតទុក និងចាក់ផ្សាយតាមស្ថានីយទូរទស្សន៍។
លោក Satit និយាយថា លោកនាយករដ្ឋមន្ត្រីនឹងថ្លែងផ្តោតលើសេដ្ឋកិច្ច សន្តិសុខជាតិ ការរឹតចំណងមិត្តភាពជាមួយប្រទេសជិតខាង ផ្សះផ្សាជាតិ និងកិច្ចការដែលរង់ចាំសម្រាប់រដ្ឋាភិបាលថ្មីមកបំពេញ។
ការថ្លែងរបស់លោកអាប់ភីស៊ីត នឹងធ្វើឡើងមុនថ្ងៃសុក្រដែលសភាថៃត្រូវបោះឆ្នោតសម្រេចជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលគេដឹងរួចទៅហើយថា លោកស្រីយីងឡាក់ នឹងក្លាយជានាយករដ្ឋមន្ត្រីថៃស្ត្រីទី១ ជាប្រវត្តិសាស្ត្រនៃប្រទេសនេះ ៕
ចែករំលែកព័តមាននេះ