ព្យុះត្រូពីកាល់ឈ្មោះ EMILY ដែលបោកបក់ឆ្ពោះទៅកាន់កោះហ៊ីស្ប៉ា នីញ៉ូឡា កាលពីថ្ងៃទី៣ សីហា អាចពង្រឹងកម្លាំងទៅជាព្យុះសង្ឃរាប្រភេទទី១ ក្រោយបោកបក់លើសាធារណរដ្ឋដូមីនីក ពិសេសក្រុងសាំងដូម៉ាំង និងប្រទេសហៃទីនាយប់ថ្ងៃទី៣ សីហា នោះ។ ជាព្យុះទី៥នៃរដូវព្យុះក្នុងមហាសមុទ្រអត្លង់ទិកភាគខាងជើងព្យុះ EMILY ស្ថិតនៅចម្ងាយ៤២៥គីឡូម៉ែត្រភាគអាគ្នេយ៍ រដ្ឋធានីដូមីនីក គឺក្រុងសាំងដូម៉ាំងនាយប់ថ្ងៃទី២ សីហា ដោយព្យុះនេះមានកម្លាំងខ្យល់រហូតដល់៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ព្យុះនេះបោកបក់ឆ្ពោះមកភាគពាយ័ព្យ ហើយតម្រង់មកកោះហ៊ីស្ប៉ានីញ៉ូឡា ដែលរួមមានហៃទី និងសាធារណរដ្ឋដូមីនីកនាថ្ងៃទី៣ សីហា មុនពេលបោកបក់ឆ្ពោះទៅប្រជុំកោះបាហាម៉ា និងប្រជុំកោះTURQUES -ET-CAIQUES នាថ្ងៃទី៤សីហា ។ ព្យុះនេះញ៉ាំងឱ្យមានភ្លៀងធ្លាក់ខ្លាំង។ កាលពីខែមិថុនា កន្លងមកនេះភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានការហូរភក់ និងទឹកជំនន់សម្លាប់មនុស្ស២៣នាក់នៅទីក្រុងព័រអូប្រាំង រដ្ឋធានីហៃទី៕
ចែករំលែកព័តមាននេះ