បុរសជនជាតិអូទ្រីស អាយុ២១ឆ្នាំម្នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១៥ឆ្នាំ ពីបទរៀបចំផែនការវាយប្រហារដោយក្រុមជីហាដលើការប្រគំតន្ត្រីរបស់ Taylor Swift នៅទីក្រុងវីយែន ក្នុងអំឡុងពេលដំណើរទេសចរណ៍ Eras របស់តារាចម្រៀងអាមេរិករូបនេះក្នុងខែសីហា ឆ្នាំ២០២៤ ។ នេះបើយោងតាមចុះផ្សាយរបស់ BBC News ។

បុរសរូបនេះ ដែលត្រូវបានគេដាក់ឈ្មោះត្រឹមតែ Beran A ស្របតាមច្បាប់ស្តីពីភាពឯកជនរបស់អូទ្រីស ក៏ត្រូវបានរកឃើញថា មានទោសចំពោះបទល្មើសជាច្រើនផ្សេងទៀតដែលទាក់ទងនឹងអំពើភេរវកម្មផងដែរ ។
គាត់ត្រូវបានចាប់ខ្លួនបន្ទាប់ពីទទួលបានព័ត៌មានពី CIA មុនពេលការប្រគំតន្ត្រីលើកដំបូងក្នុងចំណោមការប្រគំតន្ត្រីចំនួនបីរបស់ Taylor Swift ដែលសំបុត្រលក់ដាច់អស់ គ្រោងនឹងធ្វើឡើងនៅក្នុងពហុកីឡដ្ឋាន Ernst Happl ក្នុងទីក្រុងវីយែន ។
ការសម្តែងទាំងបីនៅប្រទេសអូទ្រីសត្រូវបានលុបចោលភ្លាមៗ ដែលធ្វើឲ្យអ្នកគាំទ្រជិត 200,000នាក់ រួមទាំងតារាចម្រៀងរូបនេះផ្ទាល់មានការខកចិត្ត ។ ស្វីហ្វ ធ្លាប់បានពិពណ៌នាអំពីរបៀបដែលការប្រគំតន្ត្រី Eras Tour របស់នាងដែលបំបែកកំណត់ត្រាបាន«គេចផុតពីស្ថានភាពសម្លាប់រង្គាល» យ៉ាងប្រកៀកប្រកិត ។
ឯកសារប្រគំតន្ត្រីមួយបានបង្ហាញថា តារាចម្រៀងអាមេរិករូបនេះ បានដឹងអំពីផែនការបំផ្ទុះគ្រាប់បែក ខណៈពេលកំពុងធ្វើដំណើរទៅកាន់ប្រទេសអូទ្រីស ។

ចែករំលែកព័តមាននេះ