សង្គ្រាមអ៉ីរ៉ង់ ៖ អ៉ីរ៉ង់និងអាមេរិក បានព្រមព្រៀងគ្នាពន្យារពេលបទឈប់បាញ់៦០ថ្ងៃទៀត ដើម្បីសម្រួលដល់ការបន្តចរចាសំដៅបញ្ចប់ជម្លោះ តែកិច្ចព្រមព្រៀងនោះត្រូវរង់ចាំការយល់ព្រមរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ។ នេះបើតាមការអះអាង កាលពីថ្ងៃទី២៨ ឧសភា របស់បណ្ដាអ្នកទទួលខុសត្រូវអាមេរិកប្រាប់ដល់សារព័ត៌មាន ។

តាមបណ្ដាអ្នកទទួលខុសត្រូវអាមេរិកដកស្រង់សម្ដីដោយសារព័ត៌មានអន្តរជាតិជាច្រើនថា ក្រុមអ្នកចរចាអាមេ
រិក និងអ៉ីរ៉ង់បានយល់ស្របគ្នា កាលពីថ្ងៃទី២៨ ឧសភា លើកិច្ចព្រមព្រៀងក្របខណ្ឌបណ្ដោះអាសន្នមួយដែលសំដៅពន្យារពេល៦០ថ្ងៃទៀត លើបទឈប់បាញ់គ្នា និងបើកការចរចាលើកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ សំដៅឈានទៅសម្រេចកិច្ចព្រមព្រៀងចុងក្រោយមួយ ។ កិច្ចព្រមព្រៀងនោះគ្រោងជាពិសេស បើកច្រកសមុទ្រហ័រមូសឡើងវិញ។ តាមអ្នកទទួលខុសត្រូវអ៉ីរ៉ង់ម្នាក់ថា ផ្នែកមួយធំនៃសំណើរបស់អ៉ីរ៉ង់ត្រូវបានទទួលយក។ ក៏ប៉ុន្តែការព្រួយបារម្ភតែមួយកត់ ទាក់ទិននឹងការសម្រេចរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ដែលតែងមានការផ្លាស់ប្ដូរជាប់ ។
កិច្ចព្រមព្រៀងដំបូងនេះ កើតមានពេលបណ្ដាទស្សនវិស័យនៃការសម្របសម្រួលគ្នាហាក់ដូចជាមានកាន់តែតិច ពេលដែលមានការវាយប្រហារតតាំងគ្នាថ្មីរវាងអ៉ីរ៉ង់ និងអាមេរិករយៈពេល២៤ម៉ោងចុងក្រោយនេះ។ ទោះបីយ៉ាងណា កាលពីថ្ងៃទី២៧ ឧសភា អ៉ីរ៉ង់វាយតម្លៃថា មានលទ្ធភាពតិចណាស់ដែលអាមេរិកនឹងបើកធ្វើសង្គ្រាមជាថ្មីប្រឆាំងអ៉ីរ៉ង់ ក៏ទោះបីជាប្រធានាធិបតីលោកដូណាល់ត្រាំនៅតែកំញើញជាប់ក្ដី។ ចំណែកក្នុងកិច្ចប្រជុំមួយរបស់រដ្ឋាភិបាលលោកនៅសេតវិមានលោកត្រាំថ្លែងថា អ៉ីរ៉ង់ពិតជាចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ។
ពេលសួរលោកពីយថាភាពនាពេលខាងមុខ នៃការត្រួតត្រាច្រកសមុទ្រហ័រមូសដោយអូម៉ង់ និងអ៉ីរ៉ង់ លោកត្រាំអះអាងថា អូម៉ង់នឹងទទួលវាសនាដូចប្រទេសដទៃៗទៀតដែរ បើហ៊ានធ្វើដូច្នេះដែលយើងនឹងត្រូវកម្ទេច។ ពួកគេពិតជាដឹងខ្លួនស្រាប់ហើយ ៕

ចែករំលែកព័តមាននេះ