កម្លាំងចម្រុះឆ្មក់បង្ក្រាបក្រុម«ស្គេម»លាក់ខ្លួននៅផ្ទះជួលមួយកន្លែងក្នុងក្រុងបាត់ដំបង
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ក្រុមជនបរទេសចំនួន០៦នាក់ និងជនជាតិខ្មែរម្នាក់ ដែលជាអ្នកបើកបររថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយតំណាងអយ្យការរងអមសាលាដំបូងខេត្ត ឆ្មក់ចូលទៅឡោមព័ទ្ធ និងឃាត់ខ្លួន នៅពេលពួកគេសម្ងំលាក់ខ្លួនក្នុងវីឡាដ៏ធំមួយកន្លែង កាលពីវេលាម៉ោជាង២រសៀលថ្ងៃទី២៨ ឧសភា នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង រួចបញ្ជូនភ្លាមៗតាមរថយន្តទៅកាន់អគ្គស្នងការនគរបាលជាតិ ចាត់ការតាមនីតិវិធី ។

ព័ត៌មានបឋមនៅកន្លែងកើតហេតុ ជនបរទេសទាំង០៦នាក់ ត្រូវគេរកឃើញថា គឺជាជនជាតិកូរ៉េ និងជាក្រុម «អនឡាញស្គេម» ដែលបែកសម្បុករត់ចេញមកពីតំបន់ព្រំដែន ភាគខាងលិច ឬមកពីតំបន់ប៉ោយប៉ែត រីឯជនជាតិខ្មែរម្នាក់ ដែលត្រូវឃាត់ខ្លួនដែរនោះ គឺជាអ្នកបើកបររថយន្តដឹកជញ្ជូនក្រុមជនបរទេសទាំអ០៦នាក់នេះដោយផ្ទាល់ ហើយក៏ជាអ្នកជួលវីឡាខាងលើនេះឱ្យពួកអនឡាញស្គេមស្នាក់លាក់ខ្លួនដែរ ។

បើតាមសមត្ថកិច្ច ដែលបានតាមដានស៊ើបអង្កេត មុនពេលត្រូវបង្ក្រាបបានឲ្យដឹងថា ជនបរទេសមួយក្រុមនេះ ស្ថិតក្នុងការតាមដានពីសកម្មភាពពួកគេជិតមួយសប្ដាហ៍មកហើយ មុនពេលថ្នាក់លើ និងតំណាងអយ្យការចេញបទបញ្ជាឲ្យសមត្ថកិច្ចចម្រុះចុះឡោមព័ទ្ធ និងឃាត់ខ្លួនក្រុម«អនឡញស្គេម»បែកហ្វូងនេះ ។

កម្លាំងសមត្ថកិច្ចបានចុះឡោមព័ទ្ធតាំងពីម៉ោងជាង១០ព្រឹកថ្ងៃទី២៨ ឧសភា តែអ្នកស្នាក់នៅក្នុងផ្ទះ មិនព្រមសហការជាមួយសមត្ថកិច្ចទេ លុះនៅម៉ោងជាង២រសៀលទើបកម្លាំងសមត្ថកិច្ច ដែលមានឯកភាពពីលោកស្រីតំណាងអយ្យការរងផង ក៏សម្រេចគាស់ទ្វារផ្ទះចូលទៅក្របួច.កនៃក្រុមអនឡាញស្គេមចេញពីក្នុងផ្ទះឲ្យឡើងរថយន្តភ្លាមៗតែម្ដង។

គេមិនទាន់ដឹងពីវត្ថុតាងដែលត្រូវបានរឹបអូសពីក្រុមជនជាតិកូរ៉េខាងលើនេះថា តើមានអ្វីខ្លះនោះទេ? ហើយក៏ពុំទាន់មានព័ត៌មានលម្អិតអំពីចំណាត់ការបែបណា ចំពោះម្ចាស់ផ្ទះដែលជួលឲ្យក្រុមជនបរទេសមួយក្រុមនេះស្នាក់នៅលាក់ខ្លួននោះដែរ ។

ប៉ុន្តែយ៉ាងណា កម្លាំងសមត្ថកិច្ចបានបញ្ជូនក្រុមជនជាតិកូរ៉េទាំង០៦នាក់ និងជនជាតិខ្មែរម្នាក់នោះ តាមរយៈរថយន្តមួយគ្រឿងទៅកាន់រាជធានីភ្នំពេញហើយ ៕





ចែករំលែកព័តមាននេះ