ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខួប​គម្រប់​១​ឆ្នាំ​គត់​ នៃ​ការ​ចាប់ផ្តើម​អធិករណ៍ ​នៃ​ការ​ឈ្លានពាន​ទឹកដី​កម្ពុជា​ ពី​សំណាក់​កងកម្លាំង​ថៃ​ ខណៈ​កម្ពុជា​តតាំង​យ៉ាង​ស្វិតស្វាញ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​រាជរ​ដ្ឋាភិ​បាល ​បាន​លើក​ឡើង​ថា​ ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦នេះ គឺជា​ខួប​គម្រប់​១ឆ្នាំ​គត់ ​នៃ​ការ​ចាប់ផ្តើម​អ​ធិ ករ​ណ៍ ​នៃ​ការ​ឈ្លានពាន​ទឹកដី​កម្ពុជា​ ពី​សំណាក់​កងកម្លាំង​ថៃ​ ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ឆ្នាំ​២០២៦ ​ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បាន​លើក​ឡើង​ថា រយៈពេល​ពេញ​មួយ​ឆ្នាំ​មកនេះ រាជរដ្ឋាភិបាល ​និង​ថ្នាក់ដឹកនាំ​កម្ពុជា ដោយ​មាន​វីរ​យុទ្ធ​ជន​ដ៏​អង់អាច​ក្លាហាន និង​ការ​ចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន បាន​ខិតខំ​គ្រប់​បែប​យ៉ាង​ដើម្បី​ការពារ​បូ​រណភាព​ទឹកដី​ផង និង​ថែរក្សា​ការពារ​សន្តិភាព​ជូន​ប្រទេស​ជាតិ​ផង​។ បន្ទាប់​ពី​ស្វះស្វែង​រកបាន​នូវ​បទ​ឈប់​បាញ់​ពីរ​លើក រាជរដ្ឋា​ភិ​បាល ​បាន​និង​កំពុង​បន្ត​ធ្វើ​ការងារ​ការទូត​យ៉ាង​សកម្ម​ក្លៀវក្លា​បំផុត ​និង​ឥត​ឈប់​ឈរ​ឡើយ​។ ពី​អាស៊ាន​ឈាន​ទៅ​អាស៊ី អូ​សេ​អា​នី អឺរ៉ុប សហរដ្ឋ​អាម៉េរិក រហូត​ដល់​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ​នៅ​ទីក្រុង​ញូ​វ​យ៉​ក សកម្មភាព​គ្រប់យ៉ាង​ផ្សារ​ភ្ជាប់​ជា​និច្ច​ជាមួយ​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី និង​ប្រជាជន​ ដែល​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​រាជរ ដ្ឋា​ភិ​បាល ​។

អ្នកនាំពាក្យ​បាន​បន្ត​ថា ​ជាក់ស្តែង ម៉ោង​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហ​ប្រិប​ត្តិ​ការ​អន្តរជាតិ កំពុង​ស្ថិត​នៅ​ឯ​ទីក្រុង​ញូ​វ​យ៉​ក ក្នុង​ដំណើរ​ចូលរួម​កិច្ចប្រជុំ​បើកចំហ​កម្រិត​ខ្ពស់​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ដើម្បី​បញ្ចេញ​សំឡេង​ការពារ​សន្តិភាព និង​បូរណភាព​ទឹកដី​ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៦ ប្រមុខ​ការទូត​កម្ពុជា ​បាន​គូសបញ្ជាក់​ថា បទ​ពិសោធន៍​ផ្ទាល់​របស់​កម្ពុជា ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​តួនាទី​យ៉ាង​សំខាន់​របស់​អង្គការ​សហ​ប្រជាជាតិ ក្នុង​ការ​លើកកម្ពស់ និង​ការ​ថែរក្សា​សន្តិភាព​។ ជាក់ស្តែង នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ហៅ​កាត់​ថា UNTAC បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​ដំណើរការ​សន្តិភាព ការ​ផ្សះផ្សា​ជាតិ និង​ការ​ស្តារ​ប្រទេស​កម្ពុជា​ឡើង​វិញ​ ។

ឯកឧត្តម​អ្នកនាំពាក្យ​ថា​ ដោយ​ធ្លាប់​បាន​ឆ្លងកាត់​ការ​រង​ទុក្ខវេទនា និង​ជម្លោះ​អស់​ជា​ច្រើន​ទសវត្សរ៍ កម្ពុជា​ផ្តល់​តម្លៃ​យ៉ាង​ខ្ពង់ខ្ពស់​ដល់​សន្តិភាព ជឿជាក់​យ៉ាង​មុតមាំ​ថា ជម្លោះ​ទាំងឡាយ​ត្រូវ​តែ​ដោះស្រាយ​ជា​ដាច់ខាត​តាម​រយៈ​ការ​សន្ទនា​ការទូត ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​និង​គោរព​ច្បាប់​អន្តរជាតិ​។ ក្នុង​ស្មារតី​នេះ កម្ពុជា​សូម​សម្តែង​ នូវ​ការ​ដឹងគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ការ​គាំទ្រ​របស់​សហ​គមន៍​អន្តរជាតិ ក្នុង​ការ​ទាមទារ​ឱ្យ​មាន​បទ​ឈប់​បាញ់​ និង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​រវាង​កម្ពុជា ​និង​ថៃ ដោយ​អនុលោម​តាម​ច្បាប់​អន្តរជាតិ និង​គោលការណ៍ ​នៃ​ធម្មនុញ្ញ​អង្គការ​ស ហ​ប្រជាជាតិ ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​សង្កត់ធ្ងន់​ថា ព្រំដែន​ និង​អធិបតេ​យ្យ​ភាព មិន​ត្រូវ​ផ្លាស់​ប្តូរ​ដោយ​ការ​ប្រើ​កម្លាំង ​ឬ​តាម​រយៈ​ការ​បង្កើត​ស្ថានភាព​ថ្មី​លើ​ដី​ជាក់ស្តែង (fait accompli) នោះ​ឡើយ​។ ទោះបីជា​បទ​ឈប់​បាញ់​ ត្រូវ​បាន​បន្ត​រក្សា​ក៏​ដោយ កម្ពុជា​នៅ​តែ​មានការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន នៅ​ក្នុង​តំបន់​ដែល​កំពុង​ត្រូវ​បាន​ទន្ទ្រាន​កាន់កាប់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ទឹកដី​កម្ពុជា​។ ហេតុ​ដូច្នេះ បទ​ឈប់​បាញ់​ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ចាំបាច់​ត្រូវ​តែ​អនុវត្ត​ឱ្យ​បាន​ពេញលេញ ដោយ​មាន​ប្រសិទ្ធភាព​ទាំងស្រុង និង​ជា​បន្ទាន់ ​។

ក្នុង​ន័យ​នេះ ការ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​ច្បាប់​អន្តរជាតិ ព្រមទាំង​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ ដែល​មាន​ស្រាប់ ក៏​ដូច​ជា​ការ​សន្ទនា ការ​អនុ វត្ត​ដោយ​ស្មោះត្រង់ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក នៅ​តែ​ជា​កត្តា​សំខាន់​បំផុត​ក្នុង​ការ​ស្តារ​ទំនុកចិត្ត​ឡើង​វិញ ការ​ធានា​សន្តិភាព​យូរអង្វែង និង​ការ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ភៀស​សឹក​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ​។ កម្ពុជា​សូម​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ បន្ត​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោយ​សន្តិវិធី​ទាំងនេះ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ដើម្បី​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់​ទាំងមូល​ ។

ដោយឡែក ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម​ភាគី​ថៃ នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៦ នៅ​ទីក្រុង​ញូ​វ​យ៉​ក ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​គូសបញ្ជាក់​ឡើង​វិញ​ប្រាប់​ភាគី​ថៃ​ពី​ជំហរ​របស់​កម្ពុជា ទាក់ទង​នឹង​ការ​សម្រេច​ផ្តួចផ្តើម​ប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ (Compulsory Conciliation) ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) និង​បាន​ស្នើ​ឱ្យ​មានការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធ​ភាព ដោយ​ស្មោះត្រង់ និង​ដោយ​សុច្ឆន្ទៈ​នូវ​សេចក្តី​ប្រកាស​រួម ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ លើ​ខ្លឹមសារ​ទាំងមូល​។ កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សហការ​ជាមួយ​ថៃ ​ដើម្បី​អនុវត្ត​វិធានការ​នានា ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ទាំង​ពីរ បាន​ឯកភាព​គ្នា​នៅ​កោះ​សេ​ប៊ូ កាលពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៦ ដើម្បី​កសាង​ទំនុកចិត្ត​ឡើង​វិញ ​និង​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ដោយ​យុត្តិធម៌ និង​យូរអង្វែង​ ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ សូម​គូស​បញ្ជា ក់​ជូន​ជនរួមជាតិ​ជ្រាប​ថា រាជរ​ដ្ឋាភិ​បាល​កម្ពុជា​ ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​និង​ប្រមុខរដ្ឋ​ស្តីទី និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី បាន​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។ កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង និង​ជំរុញ​ឱ្យ​មានការ​វាស់វែង​ខណ្ឌសីមា​ព្រំដែន​ជា​បន្ទាន់​តាម​កិច្ចព្រមព្រៀង​ ៕