រាជធានីភ្នំពេញ ៖ អាជ្ញាធរសង្កាត់ព្រែកឯង បានសម្របសម្រួលជម្លោះរវាងលោកនាយកសាលាបឋមសិក្សារបោះអង្កាញ់ និងអ្នកគ្រូបង្រៀន ដោះស្រាយបញ្ចប់រឿងហើយ ។
នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ព្រែកឯង បានអញ្ជើញលោកនាយកសាលាបឋមសិក្សារបោះអង្កាញ់ និងអ្នកគ្រូ បង្រៀនថ្នាក់ទី២ មកកាន់ស្នាក់ការសង្កាត់ ដើម្បីសម្រួលដោះស្រាយគ្នា ។
អាជ្ញាធរ បានអោយដឹងថា ដោយមានការសម្របសម្រួលពីលោក សឺង ឈុន ប្រធានការិយាល័យអប់រំយុវជន និងកីឡា ខណ្ឌច្បារអំពៅ និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សមាជិកក្រុមប្រឹក្សាសង្កាត់ និងនាយរងប៉ុស្តិ៍រដ្ឋបាលព្រែកឯង ភាគីទាំងពីរ បានឯកភាពគ្នា ព្រមបញ្ចប់រឿងរាល់ការប៉ះពាល់ពាក្យសម្ដីគ្នា, ព្រមទាំងលុបវីដេអូ ដែលបានបង្ហោះក្នុងបណ្តាញសង្គម, ព្រមដកពាក្យបណ្តឹងទាំងអស់ ដែលបានដាក់។ ភាគីទាំងពីរ ប្តេជ្ញាចិត្តឈប់រម្លឹករឿង ដែលបានកើតឡើងយកមកនិយាយ ដែលជាហេតុនាំអោយកើតជារឿងដដែលៗ ។
ក្រោយយល់ព្រមគ្នា ទៅវិញទៅ ភាគីទាំងសងខាង បានសូមទោសគ្នាទៅវិញទៅមក ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ។
គួរបញ្ជាក់ផងដែរថា យោងតាមការបញ្ជាក់ពីអ្នកគ្រូបង្រៀន ដែលមានជម្លោះជាមួយលោកនាយក លើកឡើងថា ដើមចម នៃហេតុការណ៍នេះ បានចាប់ផ្តើមឡើងខណៈពេលដែលគាត់កំពុងជាប់រវល់និយាយទូរសព្ទ ទៅកាន់មេភូមិ និងមេឃុំ ដើម្បីស្នើសុំក្រដាសការបញ្ជាក់ ការស្នាក់នៅ លើ «ប័ណ្ណក្រីក្រ» ជូនឪពុករបស់ខ្លួន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យជ័យជំនះ ក្នុងគោលបំណងកាត់បន្ថយការចំណាយលើថ្លៃព្យាបាល ។
ប្រភពដដែលបន្តថា ក្នុងអំឡុងពេលនោះ ខាងសាលាមានកិច្ចប្រជុំ ហើយលោកនាយក បានចាត់ឲ្យកូនសិស្សទៅហៅអ្នកគ្រូ។ អ្នកគ្រូ បានតបទៅវិញថា សូមរង់ចាំមួយភ្លែត ព្រោះកំពុងជាប់ដោះស្រាយធុរៈសុំក្រដាសពេទ្យជូនឪពុក ។
ស្របពេលនោះ អ្នកគ្រូ ដើរចូលទៅក្នុងថ្នាក់រៀន ដើម្បីយកសៀវភៅប្រជុំ ស្រាប់តែលោកនាយកសាលា បានដើរចេញមក រួចប្រើពាក្យសម្តីខ្លាំងៗ ស្ដីបន្ទោស ចំពោះការយឺតយ៉ាវ ដោយប្រើពាក្យអសុររោះ និងបានជេរប្រមាថដៅទៅលើក្រុមគ្រួសារ (ជេរម្រាយ) របស់អ្នកគ្រូថែមទៀតផង។ នៅពេលចូលទៅដល់ក្នុងបន្ទប់ការិយាល័យ ដោយលោកនាយកសាលា បានទាញញញួរ រួចស្ទុះទៅទះកំផ្លៀងអ្នកគ្រូ ប៉ុន្តែសំណាងល្អ មិនត្រូវ ចំពេលដែលមានលោកគ្រូ-អ្នកគ្រូផ្សេងទៀត នៅក្នុងបន្ទប់ ជួយអន្តរាគមន៍ឃាត់ទាន់ពេលវេលា ៕





ចែករំលែកព័តមាននេះ