ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក និង​អ៊ីរ៉ង់​ពន្លះ​គ្នា​មួយ​ប្រាវ​បន្ទាប់​ពី​ត្រាំ​បដិសេធ​​ពាក្យ​ច​ចាម​អារ៉ាម​ថា​គាត់​​ចង់​ចរ​ចា​គ្នា​ទាំង​ឆិន​ឆៃ

1 ថ្ងៃ មុន

ទី​ក្រុង​តេ​អេ​រ៉ង់​៖ ថ្ងៃ​នេះ អ៊ីរ៉ង់​ និង​អាមេរិក​ពន្លះ​គ្នា​មួយ​ប្រាវ​ដើម្បី​កុំ​ឱ្យ​បាក់​មុខ​ម្ខាង​ៗ ឬ​ត្រូវ​គេ​ហៅ​ថា​ជា​ខ្លា​ក្រដាស​។ អ៊ីរ៉ង់​បាញ់​មីស៊ីលតម្រង់​ទៅ​រក​មូល​ដ្ឋាន​កង​ទ័ព​អាកាស​របស់​អាមេរិក​ដើម្បី​ជា​ការ​សង​សឹក​ករណី​ដែល​អាមេរិក​វាយ​ប្រហារ​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ការ​បញ្ចេញ​ដ្រូន​ជា​ច្រើន​គ្រឿង​​របស់​អ៊ីរ៉ង់​ដើម្បី​ចេញ​ប្រ​តិ​បត្តិ​ការ​​​ក្បែរ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។ ម៉្យាង​ទៀត អ៊ីរ៉ង់​ធ្វើ​ដូច្នេះ​បន្ទាប់​លោក​ដូណាល់​ត្រាំ​ច្រាន​ចោល​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា​លោក​អាច​នឹង​ចរ​ចា​ជា​មួយ​អ៊ីរ៉ង់​ជា​លក្ខណៈ​ឆិន​ឆៃ​​ដើម្បីឱ្យ​ឆាប់​មាន​​​កិច្ច​ព្រម​ព្រៀង​។

ការ​វាយ​ប្រហារ​លើក​នេះ​ថ្វី​ដ្បិត​មាន​ទំហំ​តូច​ ប៉ុន្តែ​បានរំលេច​ឱ្យ​ឃើញ​ថា​ដំណើរ​ការ​ចរ​ចា​គ្នា​មាន​ភាព​ផុយ​ស្រួយ​យ៉ាង​ខ្លាំង​។ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​​​​ប្រាប់​​ថា​​​​យោធា​អាមេរិក​បាន​បាញ់​ទម្លាក់​ដ្រូន​របស់​អ៊ីរ៉ង់​៤​គ្រឿង​ និង​វាយ​ប្រហារ​ទី​តាំង​មួយ​នៅ​ទី​ក្រុង​កំពង់​ផែ​បាន់​ដា​ អាបាស់ (Bandar Abbas) ដែល​ប្រុង​បញ្ជូន​ដ្រូន​បន្ថែម​ទៀត​ទៅ​ច្រក​ហ័រ​ម៉ូស។ មន្ត្រី​រូប​នោះ​ថ្លែង​ថា​វិធាន​ការ​ទាំង​នេះ​ធ្វើ​ឡើង​ដោយ​មាន​កំណត់​, ​​ជា​ការ​ការ​ពារ​ខ្លួន​សុទ្ធ​សា​ធ​ និង​ខិត​ខំ​ថ្នាក់​ថ្នម​សភាព​ការណ៍​ដើម្បី​ថែ​រក្សា​បទ​ឈប់​បាញ់​​ឱ្យ​នៅ​គង់​វង្ស​។

បើ​គេ​ស្ដាប់​ពីខាង​អ៊ីរ៉ង់​វិញ​ម្ដង ឆ្មាំ​បដិវត្ត​ឥស្លាម​ប្រកាស​ថា​ខ្លួន​បាន​បាញ់​មីស៊ីល​សំដៅ​ទៅ​រក​មូល​ដ្ឋាន​យោធា​អាមេរិក​ព្រោះ​អាមេរិក​វាយ​ប្រហារ​ទី​តាំង​ក្បែរ​អាកាស​យាន​ដ្ឋាន​បាន់​ដា​ អាបាស់​កាល​ពី​ព្រឹក​មិញ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ថាស់​នីម (Tasnim)។ ឆ្មាំ​បដិវត្ត​ឥស្លាម​មិន​បាន​ប្រកាស​ថា​មូល​ដ្ឋាន​យោធា​អាមេរិក​ដែល​ខ្លួន​វាយ​ប្រហារ​នោះ​មាន​ឈ្មោះ​អ្វី​ទេ​។ ពួក​គេ​ព្រមាន​ជា​ថ្មី​​​ថា​​បើ​ខ្លួន​ទទួល​រង​ការ​វាយ​ប្រហារ​បែប​នេះ​​ទៀត​ ខ្លួន​នឹង​ចាត់​វិធាន​ការ​សង​សឹក​កាន់​តែ​ខ្លាំង​។

ប្រទេស​គុយ​វែត​ដែល​ជា​កន្លែង​តាំង​នៅ​នៃ​មូល​ដ្ឋាន​យោធា​ដ៏​ធំ​មួយ​របស់​អាមេរិក​ថ្លែង​ថា​ខ្លួន​បាន​ចាត់​ការ​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល និង​ដ្រូន​។ ប៉ុន្តែ​គុយវែត​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​តើ​ការ​វាយ​ប្រហារ​នោះ​មាន​ប្រភព​ចេញ​ពី​ប្រទេស​ណា​ទេ​។ ងាក​ទៅ​មើល​ប្រទេស​លីបង់​វិញ​ម្ដង អ៊ីស្រា​អែល​ថ្លែង​ថា​ខ្លួន​ចាប់​ផ្ដើម​វាយ​ប្រហារ​ទី​តាំង​យោធា​របស់​ក្រុម​ហេស​បូឡា​នៅ​ទី​ក្រុង​ទី​រ៉េ​ហើយ​​ (Tyre)​។ ក្រុម​ហេស​បូឡា​អះ​អាង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​នោះ​បាន​សម្លាប់​យុទ្ធ​ជន​របស់​​ម្នាក់​។ អ៊ី​ស្រា​​អែល​អះ​អាង​ថា​យន្ត​ហោះ​របស់​បច្ចា​មិត្ត​​​ជ្រៀត​ចូល​ដែន​អាកាស​របស់​ខ្លួន ហើយ​ធ្វើ​ឱ្យ​ខ្លួន​បញ្ចេញ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​នៅ​ភាគ​ខាង​ជើង​៕ ប្រភព៖ Reuters​