ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា ៖ កូនកំលោះ​ជាង​៤០​នាក់ ក្លាយជា​ជន​រង​គ្រោះ​មង្គលការ Scams ក្រោយ​រង់ចាំ​រាប់​ម៉ោង​មិនឃើញ​សូ​ម្បី​ស្រមោល​កូនក្រមុំ

2 ថ្ងៃ មុន

ប្រទេស​ឥណ្ឌា ៖ កូនកំលោះ​ជនជាតិ​ឥណ្ឌា​ចំនួន​៤២​នាក់ បាន​ក្លាយជា​ជន​រង​គ្រោះ​នៃ​ពិធី​មង្គលការ​ឆបោក (Scams) រួម​គ្នា​ដ៏​កក្រើក​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោក ដែល​បាន​កើតឡើង​នៅ​ក្នុង​រដ្ឋ​ម៉ា​ដ​ហ៊ី ប្រា​ដេ​ស (Madhya Pradesh) ដែល​ជា​រដ្ឋ​មាន​ផ្ទៃដី​ធំ​លំដាប់​ទី​២​របស់​ប្រទេស​ឥណ្ឌា​។ នេះ​បើ​យោង​តាម​ប្រភព​ពី Indian Express, India Times, NDTV និង​ប្រភព​ផ្សេង​ទៀត​បាន​ចេញផ្សាយ​។

កូនកំលោះ​សរុប៤២​នាក់ មក​ស្រុក​ផ្សេង​គ្នា​នៃ​រដ្ឋ​ម៉ា​ដ​ហ៊ី ប្រា​ដេ​ស ត្រូវ​បាន​រាយការណ៍​ថា ​បាន​បង្ហាញខ្លួន សម្រាប់​ថ្ងៃ​មង្គលការ​របស់​ពួក​គេ​ជាមួយ​គ្រួសារ និង​សាច់ញាតិ ដោយ​អ្នកខ្លះ​បាន​ស្លៀកពាក់​ឈុត​កូនកំលោះ Sherwani ពណ៌​ស្រស់​ឆើតឆាយ ពាក់​កម្រងផ្កា ស្បែកជើង​កូនកំលោះ និង​យួរ​ប្រអប់​ដែក​ដាក់​នំ​ផ្អែម​ថែម​ទៀត ជាមួយ​ទឹកមុខ​រីករាយ​។ ប៉ុន្តែ​អ្វី​ៗ​មិន​ដូច​ការ​រំពឹង ដោយ​កូនក្រមុំ​មិន​បាន​លេច​វត្តមាន​ក្នុង​ថ្ងៃ​ដ៏​ពិសេស​នោះ​ សូ​ម្បី​តែ​ម្នាក់ ហើយ​បន្ទាប់​ពី​ឈរ​ចាំ​អស់​រាប់​ម៉ោង ទើប​កូនកំលោះ​ទាំងនោះ​ដឹងខ្លួន​ថា ចាញ់បោក​មេអណ្តើក ធ្លាក់​ចូល​ក្នុង​ល្បិច​ពិធី​មង្គលការ Scams​។

តាម​របាយការណ៍​ស៊ើបអង្កេត​របស់​ប៉ូលិស​រដ្ឋ​ម៉ា​ដ​ហ៊ី ប្រា​ដេ​ស បាន​អះអាង​ថា ល្បិច​ឆបោក​នេះ ត្រូវ​បាន​រៀបចំ​ឡើងជា​ប្រព័ន្ធ​តែ​ម្តង ដោយ​ជន​ឆបោក​បាន​លួច​ទាញ​យក​រូបភាព​នារី​ស្អាត​ៗ​ជា​ច្រើន​ចេញពី​គណនី​បណ្តាញ​សង្គម​ផ្សេង​ៗ ដូច​ជា Instagram ជាដើម រួច​ហើយ​ផ្ញើ​ទៅ​ឱ្យ​គ្រួសារ​ខាង​បុរស​ទាំងនោះ​មើល ដោយ​ភូត​ថា កូនក្រមុំ​មក​ពី​មណ្ឌលកុមារ​កំព្រា​ក្នុង​ទីក្រុង​អ៊ី​ន​ឌ័​រ (Indore) ដែល​កំពុង​តែ​ស្វែងរក​គូស្រករ​។

ក្រុម​ឆបោក​បាន​តម្រូវ​ឱ្យ​គ្រួសារ​ខាង​ប្រុស​ម្នាក់​បង់ប្រាក់​ថ្លៃ​ចុះ​ឈ្មោះ និង​រៀបចំ​ពិធី​ចាប់ពី ១០ ០០០ ដល់ ២៥ ០០០ រូពី ឬ​ប្រហែល ១០៥ ដល់២៦០​ដុល្លារ​អា​មេ​រិ​ក​។ ចំនួន​ទឹកប្រាក់​សរុប ពាក់ព័ន្ធ​នឹង​ការ​ឆបោក​នេះ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា ​មាន​ចំនួន​ប្រមាណ ១០៤០០ ដុល្លារ​អា​មេ​រិ​ក​។

ក្រុម​ឆបោក​បាន​ណាត់​គ្រួសារ​កូនកំលោះ​ទាំងអស់​ ឱ្យមក​ជួបជុំ​គ្នា​នៅ​ទីតាំង​សាសនា​មួយ​កន្លែង​នៅ​ទីក្រុង​ឌី​វ៉ាស (Dewas) នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៦ ដើម្បី​រៀបចំ​ពិធី​មង្គលការ​រួម​គ្នា​តែ​ម្តង​ ។ ប៉ុន្តែ​នៅ​ពេល​ក្រុម​គ្រួសារ សាច់ញាតិ​ខាង​ប្រុស​ទៅ​ដល់​តាំងពី​ម៉ោង​៨​ព្រឹក ប៉ុន្តែ​នៅ​កន្លែង​នោះ គ្មាន​ការ​រៀបចំ​ពិធី​មង្គលការ ឬ​ពិធី​សាសនា​អ្វី​ទាំងអស់ ហើយ​សំខាន់​បំផុត​នោះ គ្មាន​ទាំង​កូនក្រមុំ និង​អ្នក​រៀបចំ​កម្មវិធី​ណា​ម្នាក់​នៅ​ទីនោះ​ឡើយ ហើយ​ទូរ​សព្ទ​ពួក​គេ​ត្រូវ​បាន​បិទ​ទាំងអស់​ថែម​ទៀត​។

ក្រោយ​ពី​មានការ​តវ៉ា និង​ដាក់​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ទាំងអស់ សមត្ថកិច្ច​បាន​បើក​ការ​ស៊ើបអង្កេត​ភ្លាម​ៗ
រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ Mukesh Bairagi ព្រមទាំង​ភរិយា​ឈ្មោះ Sunita រួម​ទាំង​បក្សពួក​ម្នាក់​ទៀត​។ ករណី​នេះ​ ត្រូវ​បាន​ចុះបញ្ជី​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​ឆបោក និង​កៀរគរ​ប្រាក់​ដោយ​ខុសច្បាប់ ក្រោម​មាត្រា​នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បច្ចុប្បន្ន ប៉ូលិស​កំពុង​តែ​បន្ត​ស្វែងរក​ចាប់ខ្លួន​សមាជិក​ក្រុម​ឆបោក​នេះ មួយ​ចំនួន​ទៀត ដែល​កំពុង​រត់គេច​ខ្លួន​ ៕