ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាដាច់ណាត់ដល់ថ្នាក់ដឹកនាំថ្មីខេត្តមណ្ឌលគិរី ត្រូវកម្ទេចបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាអាទិភាពខ្ពស់បំផុត
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្ត និងស្នងការនគរបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវបទបញ្ជា និងអនុសាសន៍ណែនាំដ៏ម៉ឺងម៉ាត់បំផុត ដោយចាត់ទុក «ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)» ជាចំណុចក្តៅ និងជាការងារអាទិភាពចម្បងដែលរចនាសម្ព័ន្ធដឹកនាំថ្មីត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងគ្មានការលើកលែង។

នៅក្នុងឱកាសអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការជំរុញគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ថ្នាក់ដឹកនាំថ្មី រួមមាន ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរីថ្មី និងលោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្តថ្មី ត្រូវតែរួមគ្នាបើកយុទ្ធនាការកម្ទេចរាល់ទម្រង់នៃបទល្មើសបច្ចេកវិទ្យា គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ និងទំនុកចិត្តជួនប្រជាពលរដ្ឋ និងវិនិយោគិន។ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឱ្យដាច់ខាតនូវរាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយចៀសវាងការបែកបាក់បក្ខពួក ដែលនាំឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារ។
ជាការឆ្លើយតបទៅនឹងបទបញ្ជាដ៏ក្តៅគគុកនេះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរីថ្មី បានប្រកាសយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងបទពិសោធន៍ ដើម្បីដឹកនាំរដ្ឋបាលខេត្ត អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់
រដ្ឋ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កំណែទម្រង់រដ្ឋបាលសាធារណៈ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ។
ការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់លើការសម្អាតបទល្មើសបច្ចេកវិទ្យា និងការគ្រប់គ្រងសន្តិសុខនេះ ក៏ជាផ្នែកមួយក្នុងការរៀបចំកែលម្អសោភ័ណភាព និងទំនុកចិត្ត សំដៅទាក់ទាញការវិនិយោគតាម «កម្មវិធីពិសេសជំរុញការវិនិយោគភូមិភាគឦសានឆ្នាំ២០២៥-២០២៨» ឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជនដោយចៀសផុតពីនៃក្រុមឧក្រិដ្ឋជន Cyber ផងដែរ។
យោងតាមព្រះរាជក្រឹត្យ និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល រចនាសម្ព័ន្ធដឹកនាំថ្មីរបស់ខេត្តមណ្ឌលគិរី រួមមាន ឯកឧត្តម គង់ គឹមនី (អតីតអភិបាលរងខេត្តក្រចេះ) ត្រូវបានតែងតាំងជា អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ជំនួស ឯកឧត្តម ថង សាវុន ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ លោកវរសេនីយ៍ឯក ជា ចិត្រា ត្រូវបានតែងតាំងជា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ជំនួស លោកឧត្តមសេនីយ៍ទោ ឡោ សុខា៕

ចែករំលែកព័តមាននេះ