រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំកំពូលនៃវិស័យការពារជាតិកម្ពុជា បានរំលឹកខួបនៃការលះបង់របស់វីរកងទ័ព សួន រ៉ោន និងជម្រុញស្មារតីសាមគ្គីភាពការពារជាតិ ដើម្បីរំលឹកដល់ការលះបង់ដ៏ខ្ពង់ខ្ពស់របស់យុទ្ធជនខ្មែរ ។

ជាក់ស្តែងលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនារសៀលថ្ងៃទី២៨ ខែឧសភានេះថា ៖ ថ្ងៃនេះជាខួបមួយឆ្នាំ ដែលកងទ័ពថៃឈ្លានពានកម្ពុជា និងបា.ញ់សម្លា.ប់វីរៈកងទ័ពខ្មែរ ព្រិន្ទបាលឯក សួន រ៉ោន ដែលបានពលីជីវិតនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

លោក ទៀ សីហា បានបន្តថា សូមឱ្យពលីកម្មវីរៈកងទ័ព សួន រោន បន្តដក់ជាប់ក្នុងដួងចិត្តកូនខ្មែរ និងដាស់ស្មារតីកូនខ្មែរគ្រប់រូបឱ្យប្រឹងប្រែង កាយចិត្ត បញ្ញាស្មារតី និងការប្រឹងប្រែងជាកំពែងការពារជាតិ និងកសាងជាតិឱ្យកាន់តែខ្លាំងក្លា ដើម្បីទប់ទល់មហិច្ឆតាដ៏សែនអាក្រក់ពិសពុលនៃកងទ័ពថៃ ។ សូមឱ្យក្តីឈឺចាប់នេះ ក្រើនរំលឹកកូនខ្មែរគ្រប់រូប រួបរួមគ្នាជាធ្លុងមួយ ដើម្បីក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិ ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ។

ជាទីបញ្ចប់នៃសារខាងលើលោក ទៀ សីហា ក៏បានបន្ថែមថា សូមបុណ្យកងកុសល់ទាំងឡាយយិតយោងដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរ សួន រោន បានទៅដល់ទីស្ងប់សុខ ៕

ចែករំលែកព័តមាននេះ