ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​ខែ​ដំបូង​! ថៃ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​ជាង១៣ លាន​នាក់ ធ្លាក់​ចុះ​ជិត៣%

2 ថ្ងៃ មុន

ទីក្រុង​បាងកក ៖ ថៃ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី២ នៅ​អាស៊ី​អាគ្នេយ៍ បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន១៣,៤៣លាន​នាក់ ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៦ ធ្លាក់​ចុះ២,៧៨% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ទោះបីជា​ចំនួន​ភ្ញៀវ​ទេសចរ​ប្រចាំ​ស​ប្តា​ហ៍​បាន​ងើបឡើង​វិញ​ថ្មី​ៗ​នេះ ដោយសារ​តម្រូវការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ថ្ងៃ​ឈប់​សម្រាក និង​កា​រត​ភ្ជាប់​ជើងហោះហើរ​កាន់តែ​ល្អ​ប្រសើរ​ឡើង​យ៉ាង ណា​ក៏​ដោយ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦​។

ដោយ​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន​ថៃ The Nation រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​កីឡា​របស់​ថៃ លោក ស៊ូ​រ៉ា​សក្តិ ផា​ន់​ឆា​រឿ​ន​វូ​រ៉ា​គុល (Surasak Phancharoenworakul) បានឱ្យ​ដឹង​ថា ប្រទេស​ចិន​នៅ​តែ​ជា​ប្រភព​ភ្ញៀវ​ទេស ចរ​ធំ​ជាងគេ​របស់​ប្រទេស​ថៃ ដោយ​មាន​ចំនួន ២,២៣លាន​នាក់ បន្ទាប់​មក​ គឺ​ម៉ា​ឡេ​ស៊ី​ចំនួន១,៥លាន​នាក់ និង​ឥណ្ឌា​ចំនួន១លាន​នាក់​ ។

ក្រសួងទេសចរណ៍​ថៃ​បាន​កត់​សម្គាល់ថា ទីផ្សារ​ឥណ្ឌា​បាន​ឈាន​ដល់​ដំណាក់កាល​សំខាន់​មួយ ដោយ​ចំនួន​ភ្ញៀវ​មក​ដល់​សរុប​លើស​ពី​១​លាន​នាក់​។ វិស្សមកាល​សិក្សា​នៅម៉ា​ឡេ​ស៊ី និង​ឥណ្ឌា​ ក៏​បាន​ជួយ​ជំរុញ​ការ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​គ្រួសារ​មក​កាន់​ប្រទេស​ថៃ​ផង​ដែរ ដែល​រួមចំណែក​ដល់​ការ​កើនឡើង​ចំនួន​ភ្ញៀវ​អំឡុង​ពេល​នោះ​។ មន្ត្រី​ទេសចររំពឹង​ថា ចំនួន​ភ្ញៀវ​បរទេស​នឹង​កើនឡើង​បន្ថែម​ទៀត​ក្នុង​ស​ប្តា​ហ៍​ខាង​មុខ​នេះ ដែល​ជំរុញ​ដោយ​កត្តា​ធ្វើ​ដំណើរ​វិជ្ជមាន​ជា​ច្រើន​។

កត្តា​ទាំងនេះ​រួម​មាន ថ្ងៃ​ឈប់​សម្រាក​បុណ្យ​សាសនា Eid al-Adha រយៈពេល​វែង ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​
ទូ​ទាំង​តំបន់​មជ្ឈិមបូព៌ា និង​អាស៊ី បូក​រួម​ទាំង​ការ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​ថាមពល​នៅ​ក្នុង​ប្រទេស​ថៃ ដែល​តម្លៃ​ប្រេងឥន្ធនៈ​មាន​ស្ថិរភាព ​ស្រប​តាម​ទីផ្សារ​សកល និង​ការ​ដាក់​ឱ្យ​អនុវត្ត​យុទ្ធនាការ​ទេសចរណ៍ ដែល​ជួយ​ពង្រឹង​រូបភាព​របស់​ប្រទេស​ថៃ ក្នុង​នាម​ជា​គោលដៅ​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ថៃ​រំពឹង​ថា នឹង​មាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រហែល៣៣,៥លាន​នាក់​នៅ​ឆ្នាំ​នេះ ពោល​កើនឡើង​ពី​ជិត៣៣លាន​នាក់ កាលពី​ឆ្នាំ​មុន​ ៕