ទីក្រុងហាណូយ ៖ ប្រទេសវៀតណាម ត្រូវបានចាក់ថ្នាក់ជាប្រទេសផលិតដែកថែបធំជាងគេលំដាប់ទី១០ លើពិភពលោកនៅក្នុងខែមេសា ឆ្នាំ២០២៦ ជាមួយទិន្នផលផលិតកម្មត្រូវបានប៉ាន់ស្មានថា មានចំនួន២,១លានតោន ដើម្បីហក់ចូលក្នុងបញ្ជីកំពូលទាំង១០លើពិភពលោកជាលើកដំបូងរបស់ខ្លួន។ នេះបើតាមប្រភពពីទីភ្នាក់ ងារសារព័ត៌មានវៀតណាម VNA បានចេញផ្សាយ។

យោងតាមទិន្នន័យពីសមាគមដែកថែបពិភពលោកបានបង្ហាញថា តួលេខនេះ បានកើនឡើង ៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន និងបានជំរុញប្រទេសវៀតណាម ឡើងទៅឈរពីលើប្រទេសអ៊ីតាលីក្នុងតារាងចំណាត់ថ្នាក់នេះ។
សម្រាប់រយៈពេល៤ខែដំបូងនៃឆ្នាំ ២០២៦ ប្រទេសវៀតណាមបានផលិតដែកថែបចំនួន ៨,៥ លានតោន កើនឡើង ៨,៤% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ សមាគមដែកថែបពិភពលោក បានរាយការណ៍ថា វិស័យដែកថែបរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានពង្រីកយ៉ាងឆាប់រហ័សទាំងទំហំ និងប្រភេទផលិតផល។ ជាក់ស្តែង ដើមទសវត្សរ៍ឆ្នាំ២០០០ ក្រុមហ៊ុនផលិតនៅក្នុងស្រុកភាគច្រើនបានពឹងផ្អែកលើនាំចូលដែកកែច្នៃពាក់កណ្តាលសម្រេច ដើម្បីផលិតជាដែកថែបសំណង់។
ទោះយ៉ាងណាក៏ដោយ ចាប់តាំងពីឆ្នាំ២០១០ ឧស្សាហកម្មនេះ បានឈានទៅមុខយ៉ាងសំខាន់ឆ្ពោះទៅរកភាពម្ចាស់ការលើខ្លួនឯង ហើយបច្ចុប្បន្នមានសមត្ថភាពផលិតដែកថែបជាច្រើនប្រភេទ ដែលបម្រើដល់ឧស្សាហកម្មវិស្វកម្មមេកានិច ការសាងសង់កប៉ាល់ ថាមពល និងការពារជាតិផងដែរ ។ រោងចក្រដែកថែបធំៗ និងទំនើបៗ ក៏ត្រូវបានដាក់ឱ្យដំណើរការផងដែរ ពិសេសរោងចក្រ Hoa Phat Dung Quat ដំណើរការដោយក្រុមហ៊ុន Hoa Phat Group ដែលនាំមុខគេក្នុងការផលិតផលិតផលដែកថែបមានគុណភាពខ្ពស់ និងឯកទេសជាច្រើនប្រភេទ។
គួរបញ្ជាក់ជូនថា ផលិតកម្មដែកថែបរបស់ប្រទេសវៀតណាមបានកើនឡើងពី២០លានតោនក្នុងឆ្នាំ២០២៣ ដល់ ២៤,៦លានតោន កាលពីឆ្នាំមុន នៅពេលដែលប្រទេសមួយនេះ ជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីអាគ្នេយ៍ និងលេខ១១លើពិភពលោក ៕

ចែករំលែកព័តមាននេះ