ទៀង មុំសុធាវី យំខ្សោះទឹកភ្នែក ក្រោយស្វាមីបានទទួលមរណភាព
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ទៀង មុំសុធាវី បង្ហាញក្តីក្តុកក្តួល យំស្ទើរអស់ទឹកភ្នែក ក្នុងពេលដែលស្វាមីជាទីស្រឡញ់របស់អ្នកនាងបានទទួលមរណភាព ដោយបន្សល់ទុកនូវកូនប្រុសពីររូបទាំងនៅវ័យក្មេងនៅឡើយ ។

តារាចម្រៀងចម្រៀងរូបនេះ បានប្រកាសពីមរណភាពរបស់ស្វាមី គឺលោក ជួន សុកាន់ណារិទ្ធ ដែលមានមុខងារជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទទួលមរណភាពនៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងជន្មាយុ៦២ឆ្នាំ ដោយរោគាពាធ ខណៈពេលសពរបស់លោក ជួន សុកាន់ណារិទ្ធ បានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ២៩ ផ្លូវ៥៦៤ ភូមិ១១ ក្រុម៤៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ដំណឹងមរណភាពស្វាមីរបស់អ្នកនាង ទៀង មុំ សុធាវី នាពេលនេះ បានធ្វើឲ្យមហាជន ជាពិសេស មិត្តភក្តិក្នុងសិល្បៈជាមួយនាងជាច្រើនរូបបានសម្តែងក្តីរន្ធត់ និងសោកស្តាយ ក្នុងពេលដែលពួកគេបានស្នើឲ្យតារាចម្រៀងរូបនេះ មានភាពរឹងមាំ ដើម្បីតស៊ូចិញ្ចឹមកូនទាំងពីរដែលនៅវ័យក្មេងនៅឡើយ ។

តារាចម្រៀងអ្នកនាង ទៀង មុំ សុធាវី បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមបង្ហាញពីទិដ្ឋភាពពិធីបុណ្យសពរបស់ស្វាមី ក្នុងពេលគេឃើញតារាស្រីរូបនេះបានបង្ហាញទឹកមុខទួចយំសោក សម្តែងក្តីអាឡោះអាល័យ ដោយមិននឹកស្មានថា នាងត្រូវបានបាត់បង់ស្វាមីយ៉ាងឆាប់រហ័សបែបនេះឡើយ ។

គួរបញ្ជាក់ថា តារាចម្រៀងនាង ទៀង មុំ សុធាវី បានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីគឺលោកជួន សុកាន់ណារិទ្ធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីអំឡុងឆ្នាំ២០២០ ដោយបច្ចុប្បន្នអ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសចំនួន២រូប ។

ចាប់តាំងពីរៀបមង្គលការមក ចំណងជាប្តីប្រពន្ធរបស់តារាចម្រៀងអ្នកនាង មុំ សុធាវី ហាក់មិនដែលមានព័ត៌មានពីការរកាំរកូសណាមួយនោះឡើយ ផ្ទុយទៅវិញនាងត្រូវបានគេដឹងថា ស្វាមីរបស់នាងមានការស្រឡាញ់ ថ្នាក់ថ្នម និងយកចិត្តទុកដាក់នាងយ៉ាងខ្លាំងខណៈពេលដែលរឿយៗស្វាមីរបស់នាងតែងតែជូននាងពេលចេញច្រៀងម្តងៗផងដែរ ។

ទៀង មុំសុធាវី គឺជាតារាចម្រៀងស្រីរូបស្រស់ ទឹកមុខសុភាពរាបសារមួយរូប ដែលមានសំនៀងទឹកដមពីរោះរណ្តំ ត្រូវចិត្តទស្សនិជនគ្រប់ស្រទាប់វណ្ណៈ ហើយតាមរយៈប្រឡូកចូលវិស័យចម្រៀងជាច្រើនឆ្នាំមកនេះ មុំ សុធាវី ហាក់ទទួលបានប្រជាប្រិយភាពមានទស្សនិកជនគាំទ្រច្រើនទាំងក្នុងនិងក្រៅប្រទេស។

ចាប់តាំងពីប្រឡូកក្នុងសិល្បៈអស់ជាច្រើនមកនេះ អ្នកនាង ទៀង មុំសុធាវី មិនធ្លាប់ឭដំណឹងថា នាងមានរឿងអាស្រូវអ្វីឡើយ ប៉ុន្តែផ្ទុយទៅវិញ នាងមានតែការលើកសរសើរថានាងជាតារាចម្រៀងមួយរូបដែលអត្តចរិតសុភាពរាបសារ និងមានការតែងខ្លួនស្រស់ស្អាត សាកសមរម្យជានារីខ្មែរ ៕




ចែករំលែកព័តមាននេះ