សិង្ហបុរី៖ ពិតជាសាហាវមែន សម្លាប់ស្ត្រីដ៏ទន់ខ្សោយម្នាក់នៅក្នុងជណ្ដើរយន្ត។ បុរសម្នាក់វ័យ២២ឆ្នាំត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់នៅថ្ងៃព្រហស្បតិ៍នេះពីបទមនុស្សឃាតទៅលើនារីវ័យ២១ឆ្នាំម្នាក់នៅក្នុងជណ្ដើរយន្ត។ ជនជាប់ចោទឈ្មោះមហាម៉ាត់ ហ្វាអ៊ីស អ៊ូម៉ា (Mohamad Faiz Umar) ជាជនជាតិម៉ាឡេស៊ីត្រូវបានចោទប្រកាន់ទៅតាមផ្លូវច្បាប់ដូចខាងលើនេះនៅឯមន្ទីរពេទ្យសាកលវិទ្យាល័យជាតិនៃប្រទេសសិង្ហបុរី។

គាត់ត្រូវបានចោទប្រកាន់ថាបានធ្វើឱ្យស្ត្រីឈ្មោះឈួប៊ីធីង (Chau Bee Ting) ស្លាប់នៅចន្លោះម៉ោង៨:៥៣ដល់ម៉ោង៩:២២យប់ថ្ងៃទី២៦ ខែឧសភានៅក្នុងជណ្ដើរយន្ត។ បទចោទពីដំបូងដៃមិនបានបញ្ជាក់ឱ្យច្បាស់ថាតើស្ត្រីរូបនេះត្រូវបានសម្លាប់យ៉ាងដូចម្ដេចទេ។ នគរបាលថ្លែងកាលពីមុននេះថាពួកគេបានទទួលការហៅទូរស័ព្ទចូលដើម្បីស្នើសុំអន្តរាគមន៍ជាបន្ទាន់នៅម៉ោង៨:៥៥យប់ថ្ងៃអង្គារ។

មន្ត្រីនគរបាលដែលចុះទៅដល់កន្លែងកើតហេតុបានរកឃើញនារីរងគ្រោះដេកស្លាប់នៅជណ្ដើរយន្តនៃសាលធំ (កន្លែងឡប់ប៊ី -lobby) ជាន់ទី១២នៃអគារអាផាតមេននោះ។ ក្រោយមក គ្រូពេទ្យបញ្ជាក់ថានាងបានស្លាប់ហើយ។ លទ្ធផលស៊ើបអង្កេតបឋមបង្ហាញថាបុរសដែលជាជនជាប់ចោទបានយកកាំបិតចាក់នារីរងគ្រោះមិនដឹងប៉ុន្មានកាំបិតទេបណ្ដាលឱ្យដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម។ នគរបាលស្រាវជ្រាវឃើញថាអ្នកទាំង២ជាមនុស្សស្គាល់គ្នា។

ប្រវត្តិទំនាក់ទំនងនៃអ្នកទាំង២មិនត្រូវបានសមត្ថកិច្ចបញ្ជាក់នៅក្នុងតុលាការ ឬនៅក្នុងដំណាក់កាលដំបូងនៃការចោទប្រកាន់នេះទេ។ ប្រសិនបើជនជាប់ចោទត្រូវតុលាការរកឃើញថាមានពិរុទ្ធភាពដូចការចោទប្រកាន់មែន គាត់អាចនឹងប្រឈមមុខនឹងទោសប្រហារជីវិតព្រោះច្បាប់នៅប្រទេសសិង្ហបុរីតឹងរ៉ឹងខ្លាំងណាស់។ សិង្ហបុរីមិនអាចអនុគ្រោះជាដាច់ខាតចំពោះបទល្មើសណាក៏ដោយ។ ជាពិសេស បទល្មើសព្រហ្មទណ្ឌ។ ធ្វើដូច្នេះដើម្បីធានាថាប្រទេសរបស់ខ្លួនជាដែនដីដែលមានសុវត្ថិភាពលំដាប់កំពូលនៅលើលោក៕ ប្រភព៖ Channel News Asia
ចែករំលែកព័តមាននេះ