ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ការ​អុក​ស៊ី​ហ្សែន​ច្រើន​បន្ថែម​ទៀត​ដើម្បី​ជួយ​សង្គ្រោះ​អ្នក​ជាប់​នៅ​ក្នុង​រូង​ភ្នំ​ប្រទេស​ឡាវ

1 ថ្ងៃ មុន

ទី​ក្រុង​វៀង​ចន្ទន៍​៖ អ្នក​ដឹក​នាំ​ម្នាក់​នៃ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​អ្នក​ភូមិ​ដែល​​ជាប់​ផុង​នៅ​ក្នុង​រូង​ភ្នំ​ប្រទេស​ឡាវ​ថ្លែង​ថា​គេ​ត្រូវ​ការ​​បំពង់​​ឧស្ម័ន​អុក​ស៊ីហ្សែន​ច្រើន​ថែម​ទៀត​ដើម្បី​ធ្វើ​ឱ្យ​ដំណើរ​ការ​ជួយ​សង្គ្រោះ​ប្រព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ​។ អ្នក​ភូមិ​ទាំង​៧​នាក់​បាន​ដើរ​ចូល​ទៅ​ក្នុង​រូង​ភ្នំ​ស្ថិត​នៅ​ខេត្ត​សៃ​សុំ​ប៊ុន​កាល​ពី​សប្ដាហ៍​មុន​ដើម្បី​រុក​រក​មាស​។ ប៉ុន្តែ​នៅ​សុខ​ៗស្រាប់​តែ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ បណ្ដាល​ឱ្យ​​​បាក់​ដី​បិទ​ជិត​ច្រក​ចេញ​ចូល​រូង​ភ្នំ​។ នេះ​បើ​យោង​តាម​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ជួយ​សង្គ្រោះ​ម្នាក់​ប្រាប់​សារ​ព័ត៌​មាន​របស់​រដ្ឋ​។

អ្នក​ភូមិ​យ៉ាង​តិច​៥​នាក់​ត្រូវ​គេ​រក​ឃើញ​ថា​​​នៅ​រស់​រាន​មាន​ជីវិត​។ ប៉ុន្តែ​មិន​ទាន់​មាន​នរណា​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​មក​ខាង​ក្រៅ​រូង​ភ្នំ​នៅ​ឡើយ​ទេ​។ លោក​ខេង​ខាត​ បុង​ខា​វង្ស​ (Kengkard Bongkawong) ជា​អ្នក​ជួយ​សង្គ្រោះ​ម្នាក់​បង្ហោះ​សារ​នៅ​លើ​បណ្ដាញសង្គម​ថា​​យើង​ត្រូវ​ការ​​បំពង់​អុក​ស៊ី​ហ្សែន​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បង្កើត​ជា​ប្រព័ន្ធ​បំពេញ​ខ្យល់​អុក​ស៊ី​ហ្សែន​ឡើង​វិញ​នៅ​ក្នុង​រូង​ភ្នំ​។

ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​បេសក​កម្ម​ជួយ​សង្គ្រោះ​លើក​នេះ​និយាយ​ខុស​ៗ​គ្នា​ពាក់​ព័ន្ធ​នឹង​ចំនួន​អ្នក​ភូមិ​ដែល​ក្រុម​អ្នក​ហែល​ទឹក​បាន​រក​ឃើញ​។ ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​មក​ពី​ប្រទេស​ថៃ​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​គេ​រក​ឃើញ​អ្នក​ភូមិ​៥​នាក់​។ ចំណែក​ក្រុម​អ្នក​ជួយ​សង្គ្រោះ​របស់​ប្រទេស​ឡាវ​ថ្លែង​ថា​គេ​រក​ឃើញ​អ្នក​ភូមិ​ទាំង​៧​នាក់​គ្រប់​ចំនួន​ហើយ​ ហើយ​ពួកគេ​មាន​សុវត្ថិ​ភាព​ជា​ធម្ម​តា​។ ហេតុ​នេះ​របាយការណ៍​ទាំង​២​នេះ​មិន​ដឹង​ថា​ត្រូវ​ជឿ​មួយ​ទុក​មួយ​ណា​ទេ​​ព្រោះ​មិន​ទាន់​មាន​ភស្តុតាង​ជាក់​លាក់​ដើម្បី​បញ្ជាក់​ការ​ពិត​។​


ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​មក​ពី​ប្រទេស​ថៃ​បាន​ចូល​រួម​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​ជួយ​សង្គ្រោះ​កាល​ពី​ថ្ងៃ​អាទិត្យ​។ ក្នុង​នោះក៏​​មាន​​​អ្នក​មុជ​ទឹក​ដែល​ធ្លាប់​ចូល​រួម​ជួយ​សង្គ្រោះ​ក្មេង​ៗ​១២​នាក់​ និង​គ្រូ​បង្វឹក​បាល់​ទាត់​របស់​ពួក​គេ​កាល​ពី​ឆ្នាំ​២០១៨​នៅ​រូង​ភ្នំ​ថាម​លួង ប្រទេស​ថៃ​ផង​ដែរ​។ ​ការ​ជួយ​សង្គ្រោះ​នៅ​ក្នុង​ពេល​នោះ​ល្បី​ល្បាញ​ខ្លាំង​ណាស់​​​ព្រោះ​​សហ​គមន៍​អន្តរ​ជាតិ និង​សារ​ព័ត៌​មាន​ទូទាំង​សាកល​លោក​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​៕ ប្រភព៖ Channel News Asia