កម្ពុជាជ្រើសរើសច្បាប់សមុទ្រអន្តរជាតិជាមូលដ្ឋានស្របច្បាប់សម្រាប់ការអភិវឌ្ឍប្រេង និងឧស្ម័នជាមួយភាគីថៃ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា កម្ពុជាជ្រើសរើសយកច្បាប់សមុទ្រជាមូលដ្ឋានស្របច្បាប់ និងយុត្តិធម៌សម្រាប់ការអភិវឌ្ឍប្រេង និងឧស្ម័ន ដែលជាគុណប្រយោជន៍កម្ពុជា-ថៃ និងអាស៊ានទាំងមូល ។

តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មាន CNBC កាលពីពេលថ្មីៗនេះឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងពីការកំណត់អធិបតេយ្យដែនទឹករបស់ប្រទេសកម្ពុជា និងប្រទេសថៃ ព្រមទាំងបានសង្កត់ធ្ងន់លើអនុស្សរណៈយោគយល់ ឆ្នាំ២០០១ (MoU 2001) ដែលត្រូវបានលុបចោលជាឯកតោភាគីដោយភាគីថៃ បើទោះបីជាកម្ពុជា បានជំរុញភាគីថៃឱ្យរក្សាការប្តេជ្ញា និងសុឆន្ទៈដូចដែលបានឯកភាពរួមគ្នាក៏ដោយ ។ ហេតុដូចនេះ ការពិចារណារបស់កម្ពុជា ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) គឺជាជម្រើសនៃការបន្តកិច្ចសន្ទនាប្រកបដោយសន្តិវិធីវិន័យ និងមិត្តភាព ក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ និងស្របតាមច្បាប់អន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបន្តថា ជាមួយគ្នានេះដែរ ការប្រើយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) នេះនឹងជួយឱ្យមានភាពច្បាស់លាស់ក្នុងការកំណត់អធិបតេយ្យដែនទឹករបស់ប្រទេសកម្ពុជា និងប្រទេសថៃ ហើយក៏ជាមូលដ្ឋានស្របច្បាប់និងយុត្តិធម៌សម្រាប់ការអភិវឌ្ឍប្រេង និងឧស្ម័ន ដែលជាគុណប្រយោជន៍របស់កម្ពុជា ថៃ និងអាស៊ានទាំងមូលផងដែរ ៕
ចែករំលែកព័តមាននេះ