ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​បរិស្ថាន​បដិសេធ​ព័ត៌មាន​ស្តី​ពី​ការ​ជីក​រ៉ែ​មាស​ខុសច្បាប់​នៅ​ឧទ្យាន​ជាតិ​វើ​ន​សៃ​-​សៀម​ប៉ា​ង

1 ថ្ងៃ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន បាន​ចេញ​មុខ​ប​ដិសេ​ធ​ទាំងស្រុង ចំពោះ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​មួយ (N3) ដែល​បាន​លើក​ឡើង​ថា មាន​ជនជាតិ​វៀតណាម​លួចលាក់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វើ​ន​សៃ​-​សៀម​ប៉ា​ង ។

ការ​បដិសេធ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កម្លាំង​ចម្រុះ​បាន​ចុះ​ទៅ​ពិនិត្យ និង​ស្វែងរក​ដល់ទី​តាំង​ជាក់ស្តែង រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា ប៉ុន្តែ​ពុំ​មាន​ឃើញ​ស្លាកស្នាម​អ្វី​ឡើយ ។ យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ឧទ្យាន​ជាតិ​បានឱ្យ​ដឹង​ថា ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៦ កម្លាំង​អន្តរាគមន៍​ចម្រុះ​រួម​មាន​៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​កងរាជអាវុធហត្ថ​ស្រុក​សៀម​ប៉ា​ង ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សន្តិភាព និង​កម្លាំងយោធា​ផ្នែក​សឹក​រង​សៀម​ប៉ា​ង បាន​ចុះ​ទៅ​ដល់​ចំណុច​ភ្នំ​តូច ត្រង់​និយាម​កា​(687719-1555118)​ជា​បន្ទាន់ ។

នៅ​ទីតាំង​នោះ កម្លាំង​ជំនាញ​ពុំ​បាន​រក​ឃើញ​សកម្មភាព​ល្មើសច្បាប់​ណាមួយ​ឡើយ ហើយ​ថែម​ទាំង​បាន​សម្រាក​ដេក​ព្រៃ​ល្បាត ដើម្បី​ឃ្លាំមើល​ការ​ចេញចូល​យ៉ាង​តឹងរ៉ឹង​ថែម​ទៀតផង​។ តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ឧទ្យាន​ជាតិ​ធានា​ឱ្យ​កាន់តែ​ច្បាស់លាស់ នៅ​ថ្ងៃ​ទី​២៧ ខែឧសភា លោក ស៊ឹ​ម ប៉ូ​លី​ន ប្រធាន​ការិយាល័យ​ឧទ្យាន​ជាតិ បាន​ដឹកនាំ​កម្លាំង​បន្ថែម ដោយ​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​សៀម​ប៉ា​ង និង​សហគមន៍​តំបន់ការ​ពារធម្មជាតិ​អូ​កា​ពី​ន ចុះ​ទៅ​ពិនិត្យ​ម្តងទៀត​នៅ​ត្រង់​ចំណុច​និយាម​កា (687726-1555114) ស្ថិត​ក្នុងភូមិ​សាស្ត្រ​គិរី​បាស​ក្រោម ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង​។ ជា​លទ្ធផល គឺ​មិន​មាន​ស្លាកស្នាម ឬ​សកម្មភាព​កាយ​ដី​រុករក​រ៉ែ ដូច​ការ​ចោទប្រកាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ឡើយ ។

បច្ចុប្បន្ន មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង ក៏​បាន​ដំឡើង​កិច្ចសហការ​ទ្វេ​ដង ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី ដើម្បី​រួម​គ្នា​បង្កើន​ការ​ល្បាត ការពារ និង​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ​គ្រប់​ប្រភេទ នៅ​តាម​បណ្តោយ​ព្រំប្រទល់​រវាង​ខេត្ត​ទាំងពីរ​ឱ្យ​កាន់តែ​មាន​ស្រប​តាម​ច្បាប់​ជា​ធរមាន ។ ក្រុម​អ្នក​តាមដាន​និយាយ​​ថា បើ​រក​មិនឃើញ ឬ​គ្មាន​ការ​រំលោភ​មែន គឺ​ពិតជា​ល្អ​ហើយ ។ ប៉ុន្តែ ប្រសិនបើ​មានការ​លាក់លៀម​ណាមួយ​… មន្ត្រី​ទាំងឡាយ​ប្រាកដជា «​ធ្ងន់​.​ក​» មិន​ខាន​ឡើយ …​ហេ​! ហេ​!