ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំកាត់ផ្តាច់ក្តីស្រមៃផ្កាក្រពុំ ! រួមគ្នាគាំទ្រយុទ្ធនាការជាតិបញ្ឈប់អាពាហ៍ពិពាហ៍វ័យក្មេង ដើម្បីអនាគតដ៏ត្រចះត្រចង់របស់កុមារី

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាពាហ៍ពិពាហ៍ គឺជា​ការ​ចាប់ផ្តើម​នៃ​ទំព័រ​ជីវិត​ដ៏​ថ្មី​សន្លាង​មួយ​ដែល​ត្រូវការ​ភាព​ចាស់ទុំ ទំនួល​ខុស​ត្រូវ និង​សេចក្តីសុខ ។ ប៉ុន្តែ​វា​នឹង​ប្រែជា​រនាំង​ខណ្ឌ បំបែក​ក្តី​សង្ឃឹម និង​ជា​ស្រមោល​អន្ធ​កាល​ទៅ​វិញ ប្រសិនបើ​វា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខុសពេល​វេលា ។ នា​សម័យ​បច្ចុប្បន្ន «​អាពាហ៍ពិពាហ៍​វ័យក្មេង​» ឬ​ការ​រៀប​ការ​ទាំង​មិន​ទាន់​គ្រប់​អាយុ (​ក្រោម​១៨ ឆ្នាំ​) នៅ​តែ​ជា​ដុំ​ដំបៅ​ដ៏​រ៉ាំរ៉ៃ ដែល​កំពុង​បំផ្លាញ​អនាគត​របស់​កុមារី និង​យុវវ័យ​ជា​ច្រើន​ទាំង​មិនដឹង​ខ្លួន ។

ជាក់ស្តែង​អង្គការ​យូ​នី​សេ​ហ្វ​កម្ពុជា (UNICEF Cambodia) បាន​ដាស់តឿន​សតិអារម្មណ៍​សង្គម​ជាតិ​ទាំងមូល ដោយ​បាន​ប្រកាស នា​ថ្ងៃ​ទី ២៨ ខែឧសភា នេះ​ថា ៖ បើ​ក្មេង​ស្រី​មិនមែន​ជា​កូនក្រមុំ តើ​ពួក​គេ​ជា​នរណា ? ពួក​គេ គឺជា​សិស្ស ។ ជា​កូនស្រី ដែល​មាន​ក្ដី​ស្រមៃ ។ ជា​អនាគត​អ្នក​វិទ្យាសាស្ត្រ សាស្ត្រាចារ្យ សិល្បករ វិចិត្រករ​ដ៏​ឆ្នើម មេដឹកនាំ ដែល​បង្កើត​ការ​ផ្លាស់​ប្តូរ​វិជ្ជមាន​នៅ​ក្នុង​សង្គម ។ ពួក​គេ​ជា​កុមារ ដែល​មាន​អនាគត​ដ៏​ត្រចះត្រចង់ មិនមែន​ជា​ជន​រង​គ្រោះ ដែល​ត្រូវ​ដើរ​លើ​ផ្លូវ​ដែល​គេ​កំណត់​ឲ្យ​ទាំង​វ័យក្មេង​នោះ​ឡើយ ។ រួម​គ្នា យើង​អាច​បញ្ឈប់​អាពាហ៍ពិពាហ៍​វ័យក្មេង​បាន ។

រូបតំណាង

ក្នុង​នោះ​ដែរ បើ​យោង​តាម​ផេ​ក​ក្រសួង​កិច្ចការ​នារី​កម្ពុជា បាន​ប្រកាស​នា​ថ្ងៃ​ទី២៧ ខែឧសភា​នេះ​ថា ៖ កន្លង​មក ក្រសួង​កិច្ចការ​នារី​សហការ និង​គាំទ្រ​ដល់​រដ្ឋបាល​ខេត្តរតនគិរី បាន​រៀបចំ និង​អនុវត្ត​លើ​ផែនការ​សកម្មភាព​ប្រកបដោយ​ប្រសិទ្ធភាព​លើ​ការ​ទប់ស្កាត់​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង និង​ការ​មាន​ផ្ទៃពោះ​វ័យ​ជំទង់ នៅ​ខេត្តរតនគិរី ។
ក្រសួង​កិច្ចការ​នារី កំពុង​ដឹកនាំ​សម្របសម្រួល និង​រៀបចំ «​ផែនការ​សកម្មភាព​ជាតិ​ស្តី​ពី​ការ​បង្ការ​ទប់ស្កាត់​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង និង​ការ​មាន​ផ្ទៃពោះ នៅ​វ័យ​ជំទង់ ឆ្នាំ ២០២៦-២០៣០» ដោយ​មាន​កិច្ចសហការ និង​គាំទ្រ​ដ៏​ល្អ​ពី​ក្រសួង ស្ថាប័ន និង​អង្គការ​ដៃគូ រួម​ទាំង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បី​បង្ការ​ទប់ស្កាត់ និង​ឆ្លើយ​តប​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង ជា​ពិសេស​ការ​លើកកម្ពស់​ការ​ឆ្លើយ​តប​ពី​អ្នក​ពាក់ព័ន្ធ និង​យុទ្ធនាការ​ចលនា​មហាជន ក្នុង​ការ​ទប់ស្កាត់​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង និង​ការ​មាន​ផ្ទៃពោះ​នៅ​វ័យ​ជំទង់ ។

សូម​បញ្ជាក់​ថា កុមារី​គ្រប់​រូប​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​រៀបចំ​វាសនា​ដោយ​ខ្លួនឯង ។ ដៃ​របស់​ពួក​គេ​គួរតែ​ជា​ដៃ​ដែល​កាន់​កាបូប​រៀន និង​បង្កើត​ភាព​អស្ចារ្យ​ទៅ​កាន់​ពិភពលោក មិនមែន​ជា​ដៃ​ដែល​ត្រូវ​បីកូន​ទាំង​ទឹកភ្នែក និង​ការ​ស្តាយក្រោយ​នោះ​ឡើយ ។

បន្ថែមពីនេះទៀត ក្មេង​ស្រី​គ្រប់​រូប មាន​អនាគត​ដ៏​ត្រចះត្រចង់​រង់ចាំ​នៅ​ខាង​មុខ ។ ពួក​គេ​មិនមែន​ជា​ជន​រង​គ្រោះ ដែល​ត្រូវ​ដើរ​លើ​ផ្លូវ​ដែល​គេ​គូសវាស និង​កំណត់​ឱ្យ​ទាំង​វ័យក្មេង ដោយសារ​តែ​ដាន​ប្រពៃណី​ហួស​សម័យ​នោះ​ឡើយ ។

លើសពីនេះ ការ​បញ្ឈប់​អាពាហ៍ពិពាហ៍​វ័យក្មេង គឺ​ការ​បើកទ្វារ​សេរីភាព និង​ផ្តល់​ស្លាប​ឱ្យ​កុមារី​គ្រប់​រូប​បាន​ហោះហើរ​ទៅ​កាន់​ក្តី​ស្រមៃ​របស់​ពួក​គេ ។ ចូលរួម​ទាំងអស់​គ្នា ដើម្បី​ការពារ​ផ្កា​ក្រពុំ​ទាំងនេះ​ឱ្យ​រីក​ស្គុសស្គាយ​ប្រកបដោយ​ភាព​ស្រស់បំព្រង ។
ជាមួយគ្នានោះដែរ ការ​លុប​បំបាត់​អាពាហ៍ពិពាហ៍​វ័យក្មេង គឺជា​កាតព្វកិច្ច​រួម​របស់​ឪពុក​ម្តាយ អាជ្ញាធរ និង​យើង​ទាំងអស់​គ្នា ។ តាម​រយៈ​ការ​លើកកម្ពស់​ការ​អប់រំ និង​ការ​ផ្តល់​តម្លៃ​ដល់​កុមារី យើង​កំពុង​តែ​កសាង​សង្គម​មួយ​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ ចំណេះដឹង និង​សមធម៌ ៕