ខេត្តក្រចេះ ៖ ក្រុមអាជីវករលក់សម្ភារមួយចំនួនធំ ដែលបច្ចុប្បន្នបានតាំងតូបដាក់លក់សម្ភាររបស់របរគ្រប់ប្រភេទនៅតាមដងផ្លូវសាធារណៈ បានសម្រេចមិនចូលទៅលក់នៅក្នុងទីតាំងផ្សារបណ្តោះអាសន្នដែលអាជ្ញាធរខេត្ត រៀបចំឱ្យនោះទេ ទោះបីជាអាជ្ញាធរខេត្តព្យាយាមប្រើប្រាស់កម្លាំងប្រដាប់អាវុធបង្ខំពួកគាត់រើរបស់របរទៅលក់នៅកន្លែងដែលបានកំណត់យ៉ាងណាក៏ដោយ។
ក្រោយពីមានគ្រោះអគ្គិភ័យកាលពីយប់ថ្ងៃទី២ មិថុនា នៅទីតាំងផ្សារក្រចេះ ធ្វើឱ្យសម្ភារ របស់របរ និងតូបស្ទើរទាំងស្រុង ត្រូវអន្តរាយដោយអំណាចព្រះអគ្គី ហើយបន្ទាប់ពីមានគ្រោះអគ្គិភ័យនេះកើតឡើង ក្រុមអាជីវករបានធ្វើជារោងដាក់លក់សម្ភារនៅតាមចិញ្ចើមផ្លូវសាធារណៈជុំវិញខេត្ត។
ដោយឡែករយៈពេល២ថ្ងៃមកហើយគឺនៅថ្ងៃទី១ និងទី២ សីហា ដែលអាជ្ញាធរខេត្ត បានបង្ខំឱ្យក្រុមអាជីវកររុះរើរោងលក់ដូរ និងបង្គាប់ឱ្យទៅលក់នៅក្នុងទីតាំងមួយកន្លែងស្ថិតនៅចំណុចអតីតបន្ទាយយោធាចាស់ ក្នុងភូមិរកាកណ្តាល សង្កាត់រកាកណ្តាល ក្រុងក្រចេះ ដែលមានចម្ងាយជិត២គីឡូមែត្រ ពីទីប្រជុំជនផ្សារក្រចេះ។
ក្រោយពីមានផែនការរបស់អាជ្ញាធរខេត្ត អាជីវករជាអ្នកលក់ត្រី បន្លែតិចតួច បានសម្រេចរុះរើទីតាំងទៅលក់តាមការកំណត់របស់ខេត្ត ក៏ប៉ុន្តែនៅមានអាជីវករចំនួនជាង៨០ភាគរយទៀត គឺមិនបានរុះរើទៅតាមការកំណត់ទេ ដោយពួកគាត់បាននាំគ្នាមកតវ៉ានៅមុខសាលាខេត្ត ដើម្បីឱ្យអាជ្ញាធរមានវិធានការជួយសម្រួលឱ្យពួកគាត់បានលក់នៅទីតាំងចាស់តាមចិញ្ចើមផ្លូវធម្មតាវិញ។
ក្នុងការនាំគ្នាមកតវ៉ានៅមុខសាលាខេត្ត កាលពីព្រឹកថ្ងៃទី២ សីហា ប្រជាពលរដ្ឋបានទទូចសុំឱ្យអាជ្ញាធរមានវិធានការជួយសម្រួលឱ្យពួកគាត់បន្តការលក់ដូរនៅតាមចិញ្ចើមផ្លូវដូចមានស្រាប់សព្វថ្ងៃ ដោយពួកគាត់អះអាងថា ការដែលអាជ្ញាធរខេត្ត ជំរុញឱ្យទៅលក់នៅទីតាំងថ្មីនេះ គឺពួកគាត់គ្មានលទ្ធភាពក្នុងការដឹកជញ្ជូនសម្ភារទៅមក ម្យ៉ាងវិញទៀតទីនោះជាតំបន់អតីតបន្ទាយយោធា ។ កន្លងមកពេលពួកគាត់ទៅជីកដីដើម្បីសាងសង់តូប ក៏ប្រទះឃើញមានគ្រាប់ចាស់នៅកប់ក្នុងដីដែលធ្វើឱ្យពួកគាត់មានការភ្ញាក់ផ្អើល និងភ័យខ្លាចការផ្ទុះគ្រាប់។ ជាងនេះទៅទៀត ទីតាំងថ្មីនេះពួកគាត់យល់ឃើញថា មិនមានសុវត្ថិភាពសម្រាប់លក់ដូរទេ ព្រោះជាកន្លែងស្ងាត់ជាប់នឹងមាត់បឹង។
ស្រ្តីឈ្មោះហម មុំ ជាអាជីវករលក់គ្រឿងដែកនិយាយថា គាត់មិនអាចរើទៅលក់តាមការកំណត់ទីតាំងថ្មីរបស់ខេត្តទេ ព្រោះគ្មានលទ្ធភាពក្នុងការដឹកជញ្ជូនសម្ភារទៅមក ហើយគាត់ស្នើសុំឱ្យអាជ្ញាធរជួយរកដំណោះស្រាយបាននៅតាមទីតាំងសព្វថ្ងៃ រហូតផ្សារថ្មីត្រូវសាងសង់រួច។ ឯបុរសឈ្មោះណាល់ ម៉ាឡែន អាយុ៣៣ឆ្នាំ ជាអាជីវករលក់ខោអាវ បច្ចុប្បន្នបានលក់សម្ភារតាមសំយាបផ្ទះនៅជ្រុងខាងត្បូងអតីតផ្សារចាស់និយាយថា អាជ្ញាធរមិនបានធ្វើការផ្សព្វផ្សាយឱ្យអាជីវករបានដឹងមុនទេ គឺបានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធមកបង្ខំគាត់ឱ្យរើសម្ភារទៅលក់នៅទីតាំងថ្មី។
លោកឆែ សំអាត អភិបាលស្តីទីក្រុងក្រចេះ និងជាអនុគណៈកម្មាធិការសម្របសម្រួលអាជីវករ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២ សីហា ថា ដោយមើលឃើញពីភាព អនាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ ជាពិសេសការកកស្ទះចរាចរណ៍ក្នុងទីប្រជុំជន បណ្តាលមកពីការលក់ដូររបស់ក្រុមអាជីវករតាមដងផ្លូវ ទើបអាជ្ញាធរបានសម្រេចឱ្យពួកគាត់ទៅលក់នៅតាមទីតាំងថ្មីដែលខេត្តបានរៀបចំ តែពួកគាត់មិនយល់ និងបានធ្វើការបដិសេធទៅវិញ។ លោកបានបញ្ជាក់ថា ក្រោយពីខេត្តបានរៀបចំទីតាំងថ្មីរួចមកទល់នឹងពេលនេះ មានអាជីវករជាអ្នកលក់សាច់ និងបន្លែស្រស់ចំនួនជាង៥០ភាគរយបានមកបោះទីតាំងលក់តាមការកំណត់ ហើយមានអាជីវករជាងពាក់កណ្តាលទៀត មានមុខរបរជាអ្នកលក់គ្រឿងទេស របស់របរផ្សេងៗ មិនទាន់បានមកលក់នៅឡើយទេ។
លោកបានបញ្ជាក់ថា ចំពោះអាជីវករដែលមិនព្រមមកលក់តាមកន្លែងគ្រោងទុករបស់ខេត្ត អាជ្ញាធរ នឹងមានវិធានការកោះប្រជុំរកដំណោះស្រាយម្តងទៀតពីបញ្ហានេះ៕
ចែករំលែកព័តមាននេះ