រាជធានីភ្នំពេញ ៖ ព្រះមហាវីរក្សត្រសម្តេចព្រះបាទនរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជា កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣ សីហា ២០១១ នេះ ដើម្បីទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
យាង និងអញ្ជើញជូនព្រះរាជដំណើរសម្តេចឪ និងសម្តេចម៉ែដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី សម្តេចប្រធានព្រឹទ្ធសភាជា ស៊ីម សម្តេចប្រធានរដ្ឋសភា ហេង សំរិន និងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមទាំងសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូតនានានៃប្រទេសជាមិត្តប្រចាំកម្ពុជា និងព្រះញាតិវង្សានុវង្ស ជាច្រើនកុះករ។
មកទល់នឹងពេលនេះ សម្តេចឪ ព្រះនរោត្តម សីហនុ ព្រះអង្គមានព្រះរាជសុខភាពល្អ ពុំមានជំងឺតម្កាត់អ្វីនោះទេ ដោយសារតែជំងឺមហារីករបស់ព្រះអង្គបានជាសះស្បើយហើយនោះ។ គ្រាន់តែតាមធម្មតានៅរៀងរាល់៦ខែ ឬ១ឆ្នាំម្តង សម្តេចឪ ត្រូវយាងទៅកាន់ទីក្រុងប៉េកាំង តាមវេជ្ជបញ្ជារបស់គ្រូពេទ្យចិនដ៏ចំណានៗរបស់ព្រះ អង្គតែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះអង្គទាំងទ្វេបានយាងពីទីក្រុងប៉េកាំង ប្រទេសចិន មកកាន់ប្រទេសកំណើតរបស់ព្រះអង្គកាលពីអំឡុងខែមីនា ឆ្នាំ២០១១ ដើម្បីគង់ជាម្លប់សម្រាប់ប្រជានុរាស្ត្ររបស់ព្រះអង្គ។ សម្តេចឪ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ មានព្រះជន្ម៨៩ព្រះវស្សា ព្រះអង្គមានជំងឺមហារីកតាំងពីឆ្នាំ១៩៩៣មក
ម៉្លេះ ៕
ចែករំលែកព័តមាននេះ