ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខា​កាម​នាយ​ទាហាន​-ពល​ទាហាន​​ហ្វឹក​ហាត់​បា.ញ់​គ្រាប់​​ពិត​បង្ហាញ​​សមត្ថ​ភាព

13 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ តំបន់ប្រតិបត្តិការសឹក​រង​ខេត្ត​ បានពង្រឹងសមត្ថភាពនាយទាហាន និង​ពល​ទាហាន ដើម្បីត្រៀមយកប្រៀប​ឈ្នះ​លើ​សមរភូមិមុខ ដែលមាននាយទាហាន-ពល​ទាហាន​ចំនួន៦០នាក់បានបើកប្រតិបត្តិការបា.ញ់​ស៊ីប​ គ្រាប់ពិត​នៅភូមិសាស្រ្តភ្នំកាច់គួរ ភូមិអូរ​ព្រះ ឃុំ​អូរគ្រៀង ស្រុកសំបូរ

ខេត្តស្ទឹងត្រែង ៖ តំបន់ប្រតិបត្តិការសឹក​រង​ខេត្ត​ បានពង្រឹងសមត្ថភាពនាយទាហាន និង​ពល​ទាហាន ដើម្បីត្រៀមយកប្រៀប​ឈ្នះ​លើ​សមរភូមិមុខ ដែលមាននាយទាហាន-ពល​ទាហាន​ចំនួន៦០នាក់បានបើកប្រតិបត្តិការបាញ់​ស៊ីប​គ្រាប់ពិត​នៅភូមិសាស្រ្តភ្នំកាច់គួរ ភូមិអូរ​ព្រះ ឃុំ​អូរគ្រៀង ស្រុកសំបូរ ក្នុងទឹកដីខេត្ត​ក្រចេះ ​កាល​ពី​​ព្រឹក​ថ្ងៃទី១ សីហា។

លោកវរសេនីយ៍ឯក វ៉ាន់ ដារ៉ាសិទ្ធិ គ្រូហ្វឹក​ហ្វឺនបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការហ្វឹក​ហាត់​អស់រយៈពេលជាង១ខែកន្លងមកនេះ តំបន់​ប្រតិបត្តិការសឹករងខេត្ត​បានធ្វើការបាញ់​គ្រាប់​ពិត ដើម្បីអនុវត្តន៍សមត្ថភាព​ជាក់​ស្តែង​ឲ្យ​ដឹង​ពី​ទេពកោសល្យរបស់​សិក្ខា​កាមជានាយទាហាន-ពល​ទាហាន ក៏ដូចជាការ​ប្រឡង​ពី​សមត្ថភាព​ផង​ដែរ។ លោកវរសេនីយ៍ឯកបានឲ្យដឹងទៀតថា ក្រោយពី​ចំណាយ​ពេល​អស់​៣ម៉ោង​ក្នុងការ​បាញ់​ស៊ីបគ្រាប់ពិតនេះ ក្នុងចំណោម​នាយ​ទាហាន និងពលទាហានទាំង៦០នាក់​យើង​បាន​រកឃើញអ្នកពូកែ២នាក់ បង្គួរ​​១៣នាក់ មធ្យម​១០នាក់ និងខ្សោយ៣៥នាក់ ។

លោក​ឧត្តមសេនីយ៍ត្រី លី សូរ៉ារិទ្ធ មេបញ្ជា​ការ​រងយោធភូមិភាគទី១បានមានប្រសាសន៍​ថា ការបើកយុទ្ធនាការបាញ់គ្រាប់​ពិតនេះ ពិត​មែន​តែការហ្វឹកហាត់មានរយៈពេលខ្លីក៏ដោយ​ ក៏​សកម្ម​ភាពអនុវត្តន៍របស់យើងសម្រេចបានលទ្ធ​ផលល្អ។ សកម្មភាពនេះបញ្ជាក់ឲ្យឃើញពី​ភាព​​​អង់​អាចក្លាហានពិតៗ ធ្វើឱ្យតំបន់​ប្រតិ​បត្តិ​ការ​សឹក​រងកាន់តែមានកម្លាំងធនធាន​យ៉ាងរឹងមាំ ក្នុងការចូលរួមការពារទឹកដីជូនជាតិមាតុភូមិ ពិសេសអនុវត្តបានយ៉ាងត្រឹមត្រូវតាមគោល​នយោបាយរបស់រាជរដ្ឋាភិបាល ។

លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន មេបញ្ជា​ការតំបន់ប្រតិបត្តិការសឹករងខេត្ត បានមាន​ប្រសាសន៍​ឱ្យដឹង​ផងដែរថា នាយទាហាន-ពល​ទាហាន​យើងបានទទួលការសិក្សារៀនសូត្រ​ទាំង​នយោ​បាយយោធា ច្បាប់ និងហ្វឹកហ្វឺនផ្នែក​បច្ចេក​ទេស​ពង្រឹង​បានទាំងបរិមាណនិងគុណ​ភាព។ លោក​មេ​បញ្ជាការបានមាន​ប្រសាសន៍​ទៀត​ថា បច្ចុ​ប្បន្នថ្វីត្បិតតែសភាពការណ៍នៅ​តាម​ព្រំដែនមាន​សភាពធូរស្រាល និងប្រក្រតី​ល្អ​យ៉ាងណាក៏ដោយ ក៏នាយទាហាននិងពល​ទាហាន​យើង​នៅ​តែ​ហ្វឹកហាត់បង្កើនសមត្ថភាព​របស់ខ្លួន​ត្រៀម​ជា​និច្ច​ក្នុងការ​ការពារទឹក​ដី​របស់​យើង ។

លោកមេបញ្ជាការបានផ្តាំផ្ញើដល់នាយទា​ហាន-ពលទាហានទាំងអស់ត្រូវខិត​ខំ​ប្រឹង​ប្រែង​ហ្វឹកហាត់​បង្កើនសមត្ថភាពខ្លួនឯងបន្ត​ទៀត ពិសេសត្រូវសិក្សារៀនសូត្រនិងដកស្រង់​បច្ចេក​ទេសពីមិត្ត​ភក្តិ​ដែលមានស្នាដៃល្អ និង​ត្រូវ​គោរព​វិន័យឲ្យបានត្រឹមត្រូវ​ធ្វើឲ្យខ្លួនឯង​ក្លាយ​ជា​កង​ទ័ព​ល្អ​របស់ប្រទេសជាតិ៕