ទីក្រុងខូផឹនហាហ្គឹន៖ គណៈអភិបាលកោះហ្គ្រីនលែនថ្លែងថាដំណើរការចរចាកម្រិតខ្ពស់ជាមួយអាមេរិកមានការរីកចម្រើនទៅមុខពាក់ព័ន្ធនឹងអនាគតនៃកោះនេះ។ ប៉ុន្តែហ្គ្រីនលែនសូមបញ្ជាក់ម្ដងទៀតថាកោះនេះមិនមែនសម្រាប់លក់នោះទេ។ លោកចែហ្វ លេនឌ្រីដែលជាបេសកជនពិសេសរបស់លោកត្រាំបានធ្វើដំណើរទៅដល់ទីក្រុងនូកកាលពីថ្ងៃអាទិត្យ និងជួបនាយករដ្ឋមន្ត្រីដាណឺម៉ាក និងរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក។

ដាណឺម៉ាកជឿជាក់ថាការចរចាគ្នាមានដំណើរការទៅមុខ។ សម្រាប់ភាគីហ្គ្រីនលែន យើងចង់ផ្ដោតសំខាន់ទៅលើការស្វែងរកដំណោះស្រាយដែលល្អសម្រាប់ទាំងអស់គ្នា។ ចំណុចសំខាន់បំផុតនោះគឺថាការគំរាមកំហែងយកទឹកដីនេះជារបស់អាមេរិក ការដណ្ដើមយកដោយកម្លាំង ឬការទិញយកកោះនេះពិតជាមិនអាចកើតមាននោះទេ។ បេសកជនអាមេរិក លោកលេនឌ្រី មិនទាន់ធ្វើអត្ថាធិប្បាយភ្លាមៗឡើយ។ លោកប្រាប់អ្នកសារព័ត៌មានថាលោកទៅទីនោះដើម្បីស្ដាប់ និងសិក្សាស្វែងយល់អំពីពួកគេ។

លោកត្រាំប្រកាសថាហ្គ្រីនលែនត្រូវតែបានមកអាមេរិកទោះបីដោយវិធីទិញយក ឬដោយវិធីចូលកាន់កាប់ក៏ដោយ។ ពាក្យសម្ដីនេះធ្វើឱ្យមានភាពតានតឹងរវាងអាមេរិក និងដាណឺម៉ាកដែលសុទ្ធសឹងជាសមាជិកអង្គការណាតូដូចគ្នា។ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាកថ្លែងថាពួកគេស្នើសុំជួបគ្នា ហើយយើងពន្យល់ទៅពួកគេអំពីសភាពការណ៍ និងគោលជំហររបស់យើង។ យើងបានកំណត់បន្ទាត់ក្រហមថាយើងនឹងមិនលក់កោះហ្គ្រីនលែនជាដាច់ខាត។ យើងត្រូវតែគ្រប់គ្រងកោះហ្គ្រីនលែនគ្រប់ពេលវេលា។

ដើម្បីបន្ធូរបន្ថយភាពតានតឹង ហ្គ្រីនលែន ដាណឺម៉ាក និងអាមេរិកកាលពីដើមឆ្នាំនេះបានឯកភាពគ្នាថានឹងបើកការចរចាការទូតកម្រិតខ្ពស់ដោះស្រាយវិបត្តិនេះ។ ប៉ុន្តែលទ្ធផលនៃការចរចាគ្នាមិនទាន់ចេញជាលទ្ធផលនៅឡើយទេ។ អាមេរិកចង់បង្កើនវត្តមានយោធារបស់ខ្លួននៅលើកោះនេះ និងចង់ប្រើប្រាស់កោះនេះដើម្បីជាចំណែកនៃការដំឡើងប្រព័ន្ធការពារដែនអាកាសដ៏ទំនើបឈ្មោះហ្គោលដឹនដូម (Golden Dome)។ សព្វថ្ងៃនេះ អាមេរិកមានមូលដ្ឋានសកម្មមួយកន្លែងនៅលើកោះហ្គ្រីនលែន៕ ប្រភព៖ Reuters
ចែករំលែកព័តមាននេះ