ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានចុះហត្ថលេខាកាលពីថ្ងៃទី២ សីហា លើគម្រោងច្បាប់ស្តីពីការបង្កើនកម្រិតខ្ពស់បំផុតនៃបំណុលរបស់សហរដ្ឋអាមេរិក ដែលអនុម័តមុននេះបន្តិច ដោយព្រឹទ្ធសភាបន្ទាប់ពីការអនុម័តរបស់សភា ដែលបញ្ចៀសប្រទេសកុំឱ្យធ្លាក់ចូលក្នុងកំហុសនៃការសងបំណុល។
កិច្ចព្រមព្រៀងនេះត្រូវបានអនុម័តក្នុងព្រឹទ្ធសភាដោយ៧៤សំឡេងគាំទ្រ និង២៦សំឡេងប្រឆាំង ។ ក្នុងសេចក្តីថ្លែងការណ៍មួយនៅសេតវិមានលោកបារ៉ាក់ អូបាម៉ា បានសម្តែងការអបអរសាទរថា នេះជាជំហានដំបូងដ៏សំខាន់មួយ ដែលសំដៅធានាថា សហរដ្ឋអាមេរិក ពុំរស់នៅឱ្យលើសពីកម្រិតមធ្យមរបស់ខ្លួនឡើយ ។ ក៏ប៉ុន្តែលោកប្រធានាធិបតីបន្តថា វិធានការដទៃៗទៀតនឹងជាការចាំបាច់ដើម្បីជម្រុញសេដ្ឋកិច្ចរបស់អាមេរិក។
លោកគូសបញ្ជាក់ពីភាពចាំបាច់អនុម័តការព្រមព្រៀងគ្នាដោយមានតុល្យភាពមួយក្នុងបណ្តាវិធានការកាត់បន្ថយបំណុលពិសេសតាមរយៈការកែទម្រង់ពន្ធដារ ដើម្បីកុំឱ្យប្រជាជនថ្នាក់កណ្តាលរងការប៉ះពាល់ធ្ងន់ធ្ងរដោយសារអម្រែកនៃការកែទម្រង់ដែលត្រូវលើកយកទៅជជែកពិភាក្សាគ្នា ដោយគណៈកម្មការ២គណបក្សមួយ។ លោកអូបាម៉ា បានទទូចស្នើសុំដល់ពលរដ្ឋអាមេរិកឱ្យធ្វើពលីកម្មដែលមានចំណែកដោយតុល្យភាព ហើយបណ្តាអ្នកមានក៏ត្រូវរួមចំណែកផងដែរ ។ និយាយរួមគ្រប់គ្នាត្រូវរួមចំណែកនោះហើយគឺជាយុត្តិធម៌ ៕
ចែករំលែកព័តមាននេះ