សុខភាព៖ យោងតាមការចុះផ្សាយពីមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ជំងឺមហារីកច្រមុះ (Nasopharyngeal Cancer) គឺជាប្រភេទជំងឺមហារីកដែលកកើតឡើងនៅផ្នែកខាងក្រោយច្រមុះ និងខាងលើបំពង់ក ដែលក្នុងបច្ចេកទេសវេជ្ជសាស្ត្រហៅតំបន់នេះថា “Nasopharynx”។ ជាការកត់សម្គាល់ នៅដំណាក់កាលដំបូងនៃជំងឺមហារីកច្រមុះនេះ គឺមិនទាន់ស្ដែងនូវសញ្ញាអ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងនោះឡើយ។
ទោះជាយ៉ាងណា លោកអ្នកត្រូវយកចិត្តទុកដាក់ និងប្រញាប់រួសរាន់មកពិគ្រោះជាមួយគ្រូពេទ្យជំនាញ ប្រសិនបើមានអាការខុសប្រក្រតីមួយចំនួនដូចជា ការលេចឡើងនូវកូនកណ្តុរនៅតំបន់ក អាការៈហូរឈាមច្រមុះ ឬមានអារម្មណ៍តឹងច្រមុះដែលភាគច្រើនកើតឡើងតែម្ខាង។ បន្ថែមពីនេះ រោគសញ្ញាផ្សេងទៀតដែលជាសញ្ញាព្រមានសំខាន់ៗរួមមាន សណ្តាប់នៃការស្ដាប់មានការធ្លាក់ចុះនៅត្រចៀកម្ខាង មានអាការៈហឹងត្រចៀក និងអាការៈឈឺក្បាលជាប្រចាំ ដែលតម្រូវឱ្យមានការពិនិត្យតាមដានឱ្យបានច្បាស់លាស់បំផុត ដើម្បីឈានទៅរកការព្យាបាលឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
ចែករំលែកព័តមាននេះ