រាជធានីភ្នំពេញ ៖ «តើច្បាប់ស្រុកខ្មែរមានប្រសិទ្ធភាពត្រឹមតែលើក្រដាស ឬមួយក៏អំណាចទឹកប្រាក់របស់មេល្បែងកំពុងតែមានឥទ្ធិពលជាងបញ្ជារបស់រាជរដ្ឋាភិបាល? ខណៈដែលបទបញ្ជាលេខ០១ កំពុងបន្លឺឡើងពាសពេញផ្ទៃប្រទេស ប៉ុន្តែនៅកណ្ដាលរាជធានីភ្នំពេញ តំបន់ខណ្ឌចំការមន បែរជាមាន «អាណាចក្រល្បែង»មួយកំពុងឈរជើងយ៉ាងរឹងមាំដូចភ្នំដងរែក ដែលគ្មានអាជ្ញាធរណាម្នាក់ហ៊ានប៉ះពាល់ឡើយ…»។

នេះគឺជាសំណួរដ៏ជូរចត់ដែលមហាជនកំពុងចោទសួរយ៉ាងខ្លាំង ទៅកាន់អាជ្ញាធរមូលដ្ឋានខណ្ឌចំការមន ជុំវិញការបើកបនល្បែងអនឡាញខុសច្បាប់ ជ្រកក្រោមយីហោ «ជីនកាងផ្លូវមាស»។
បន្ទាប់ពីមានការសង្ស័យ និងការរាយការណ៍ជាបន្តបន្ទាប់ ពេលនេះ ការពិតត្រូវបានលាតត្រដាងកាន់តែច្បាស់។
យោងតាមរូបភាពដែលបានបែកធ្លាយ មកដល់ដៃអង្គភាពព័ត៌មានយើងខ្ញុំនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហាញយ៉ាងច្បាស់នូវសកម្មភាពភ្នាល់យ៉ាងគគ្រឹកគគ្រេងនៅក្នុងទីតាំងយីហោ «ជីនកាងផ្លូវមាស» ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅស្ពានកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
រូបភាពភស្តុតាងថ្មីៗទាំងនោះ បានបង្ហាញពីការរៀបចំតុបៀការ៉ាត់ (Baccarat) ម៉ាស៊ីនហ្គេមបាញ់ត្រី និងប្រព័ន្ធកុំព្យូទ័រទំនើបៗសម្រាប់បម្រើឱ្យល្បែងភ្នាល់អនឡាញចម្រុះ ដោយមានមនុស្សចូលលេងយ៉ាងកុះករ និងអនាធិបតេយ្យបំផុត។ នេះជាការបញ្ជាក់ឲ្យឃើញថា ទីតាំងនេះមិនមែនជាកន្លែងអាជីវកម្មស្របច្បាប់នោះទេ ប៉ុន្តែគឺជាបនល្បែងខុសច្បាប់ដែលកំពុងផ្គើននឹងច្បាប់រដ្ឋយ៉ាងកម្រោល។

អ្វីដែលគួរឱ្យហួសចិត្តបំផុតនោះគឺ បើទោះបីជាមានរូបភាពភស្តុតាងជាក់ស្ដែងដែលទើបតែបែកធ្លាយថ្មីៗនេះក្ដី ក៏គេមិនទាន់ឃើញមានវត្តមានអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ ចុះទៅពិនិត្យ ឬបង្ក្រាបទីតាំងនេះឡើយ។ យោងតាមសេចក្ដីរាយការណ៍ឱ្យតែពេលមានព័ត៌មានជិតដល់ដៃអាជ្ញាធរ ម្ចាស់ទីតាំងតែងតែដឹងខ្លួនមុនជានិច្ច ដែលនាំឱ្យមានការសង្ស័យកាន់តែខ្លាំងថា ទីតាំងនេះអាចមាន «ខ្នងបង្អែកធំ» ឬមានការឃុបឃិតគ្នាជាប្រព័ន្ធជាមួយអាជ្ញាធរមូលដ្ឋាន ទើបអាចរក្សាសកម្មភាពល្មើសច្បាប់បានយ៉ាងរឹងមាំបែបនេះ។

ការអនុវត្ត «បញ្ជាលេខ០១» របស់រាជរដ្ឋាភិបាល ហាក់ដូចជាកំពុងជាប់គាំងត្រឹមរបងនៃទីតាំង «ជីនកាងផ្លូវមាស» នេះឯង។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលើកឡើងថា ប្រសិនបើអាជ្ញាធរពិតជាមានឆន្ទៈចង់បង្ក្រាបមែន វាមិនមែនជារឿងពិបាកឡើយ ព្រោះទីតាំងស្ថិតនៅចំច្រមុះសមត្ថកិច្ចទៅហើយ។ ការរីករាលដាលនៃល្បែងស៊ីសង គឺជាមេរោគសង្គមដែលបង្កឱ្យមានអំពើចោរកម្ម ហិង្សាក្នុងគ្រួសារ និងអសន្តិសុខក្នុងសហគមន៍។ ប្រសិនបើបនល្បែងខុសច្បាប់មួយនេះ នៅតែបន្តដំណើរការបានដោយសេរី វានឹងក្លាយជាគំរូដ៏អាក្រក់ និងបំផ្លាញជំនឿចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធយុត្តិធម៌ និងការដឹកនាំរបស់រាជរដ្ឋាភិបាល។
អង្គភាពព័ត៌មានយើងខ្ញុំ នឹងបន្តតាមដាន និងរង់ចាំមើលថា តើស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌចំការមន នឹងមានវិធានការណ៍ក្តៅបែបណាចំពោះរូបភាពបែកធ្លាយ និងសកម្មភាពល្មើសច្បាប់នៅទីតាំងយីហោ «ជីនកាងផ្លូវមាស» នេះ? យើងខ្ញុំនឹងបន្តផ្សាយព័ត៌មានលម្អិតនៅវគ្គបន្តទៀត ហើយក៏រង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានានូវតុល្យភាពព័ត៌មាន និងតម្លាភាពសង្គម៕
ចែករំលែកព័តមាននេះ