សង្គ្រាមអ៉ីរ៉ង់ ៖ កាលពីថ្ងៃទី៦ ឧសភា ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានសម្ដែងពីសុទិដ្ឋិនិយមខ្លាំងបំផុត លើការសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ បន្ទាប់ពីអ្វីដែលលោកហៅថា ការពិភាក្សាគ្នាដ៏ល្អបំផុត រយៈពេល២៤ម៉ោងចុងក្រោយនេះ។

ពេលជួបជាមួយក្រុមអ្នកកាសែត នៅការិយាល័យពងក្រពើនៃសេតវិមាន ប្រធានាធិបតីអាមេរិកថ្លែងថា យើងមានការពិភាក្សាគ្នាល្អបំផុតរយៈពេល២៤ម៉ោងចុងក្រោយនេះ ហើយមានលទ្ធភាពខ្ពស់បំផុតដែលយើងឈានទៅដល់កិច្ចព្រមព្រៀងមួយ ។ មុននេះបន្តិច ប្រមុខសេតវិមានក៏អះអាងដែរថា មើលឃើញភ័ព្វវាសនាល្អនៃកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ តែលោកនៅតែរក្សាការគំរាមកំហែងពីការវាយប្រហារអ៉ីរ៉ង់សាជាថ្មី ។ អ្នកចរចាសំខាន់របស់អ៉ីរ៉ង់បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា ស្វែងរកឲ្យអ៉ីរ៉ង់ចុះចាញ់។
តាមបណ្ដាញសង្គម TRUTH SOCIAL លោកត្រាំសរសេរថា ប្រសិនបើអ៉ីរ៉ង់យល់ព្រមទទួលយកអ្វីដែលព្រមព្រៀងគ្នានោះ ប្រតិបត្តិការយោធាប្រឆាំងអ៉ីរ៉ង់នឹងត្រូវបញ្ចប់ ។ ប៉ុន្តែបើគេមិនព្រមទទួលយកនោះ ការវាយប្រហារនឹងចាប់ផ្ដើមជាថ្មី ហើយពិតណាស់ ក្នុងកម្រិតខ្លាំងក្លាបំផុតជាងពីមុន។ លោកចង់និយាយយោងដល់យុទ្ធនាការរបស់អាមេរិក និងអ៉ីស្រាអែល ធ្វើពីថ្ងៃទី២៨ កុម្ភៈ មក
រហូតដល់បទឈប់បាញ់គ្នា ដែលចូលជាធរមានពីថ្ងៃទី៨ មេសា មក។
បន្ទាប់មក លោកត្រាំបានថ្លែងតាមទូរទស្សន៍PBS ថា ខ្ញុំគិតថា មានភ័ព្វវាសនាដ៏ល្អបំផុតដែលសង្គ្រាមនឹងត្រូវបញ្ចប់ តែប្រសិនបើមិនសម្រេចកិច្ចព្រមព្រៀងមួយទេ នោះយើងនឹងទម្លាក់គ្រាប់បែកដោយមិនត្រាប្រណីឡើយ ។ អ្នកចរចាសំខាន់របស់អ៉ីរ៉ង់លោកម៉ូហាម៉ាដ បាក់ហ័រហ្គាលីបាហ្វវាយតមៃ្លថា អាមេរិកស្វែងរកឲ្យទទួលបានការព្រមចុះចាញ់របស់អ៉ីរ៉ង់ តាមរយៈយុទ្ធសាស្ត្រថ្មីមួយសំដៅបំផ្លាញឯកភាពជាតិ ។

តម្លៃភាគហ៊ុនក្នុងផ្សារភាគហ៊ុនអឹរ៉ុបបានឡើងខ្ពស់ កាលពីថ្ងៃទី៦ ឧសភា ព្រោះតែក្ដីសង្ឃឹមលើការសម្រេចបានការបញ្ចប់សង្គ្រាមនៅមជ្ឈឹមបូព៌ាតាមផ្លូវការទូត។ តាមអត្ថបទមួយរបស់កាសែតAXIOS អាមេរិកថា ក្រុងវ៉ាស៊ីនតោន និងក្រុងតេហេរ៉ង់ បានខិតជិតដល់កិច្ចព្រមព្រៀងក្របខណ្ឌមាន១ទំព័រមួយសំដៅបញ្ចប់ការប្រទូស្តរ៉ាយគ្នា ហើយបើកផ្លូវទៅរកការចរចាខាងនុយក្លេអ៊ែរកាន់តែទូលំទូលាយ ។
តាមអត្ថបទនោះថា កិច្ចព្រមព្រៀងដែលគ្រោងនោះ រួមមានការពន្យារពេលបន្តការចម្រាញ់អ៊ុយ
រ៉ានីញ៉ូមអ៉ីរ៉ង់ ការលុបចោលបណ្ដាទណ្ឌកម្មអាមេរិក ការផ្ដល់ឲ្យវិញបណ្ដាមូលនិធិអ៉ីរ៉ង់ដែលបង្កកទុក និងការបើកឡើងវិញច្រកសមុទ្រហ័រមូស សម្រាប់នាវាចរណ៍ពាណិជ្ចកម្ម។ បណ្ដាអ្នកទទួលខុសត្រូវអាមេរិករង់ចាំចម្លើយតបរបស់អ៉ីរ៉ង់ ក្នុងពេល៤៨ម៉ោងខាងមុខនេះ ។
ព័ត៌មាននេះ ក៏នាំឲ្យតមៃ្លប្រេងធ្លាក់ចុះវិញយ៉ាងលឿន ដោយប្រេងឆៅBRENTនៃសមុទ្រខាងជើងបានធ្លាក់ចុះ៥,៩%នៅត្រឹម១០៤ដុល្លារក្នុង១ធុង។ ចំណែកប្រេងឆៅអាមេរិក WTI បានធ្លាក់ថ្លៃជាង៥,៧% មកនៅត្រឹមជាង៩៦ដុល្លារក្នុង១ធុង ៕
ចែករំលែកព័តមាននេះ