រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនាព្រឹកថ្ងៃទី០៦ ខែឧសភានេះថា ៖ កម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំដោយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ រយៈពេល ៣ថ្ងៃជាប់គ្នា ។ ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា នឹងធ្វើឱ្យសម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គសមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងធនធានទឹកបានបន្តថា ៖ ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ដូចខាងក្រោម ៖
១. តំបន់វាលទំនាប មានសីតុណ្ហភាព អប្បបរមា២៤°C និងអតិបរមា ៣៦°C ។ ខ្យល់ ៖ បក់មកពីទិសបូព៌ និងអាគ្នេយ៍ ក្នុងល្បឿនមធ្យម ២ម៉ែត្រ/វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ២៥% ។
២. តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមា ២៥°C និងអតិបរមា ៣៦°C ។ ខ្យល់ ៖ បក់មកពីទិសឦសាន និងបូព៌ ក្នុងល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១៥% ។

៣. តំបន់មាត់សមុទ្រមានសីតុណ្ហភាព អប្បបរមា ២៤°C និងអតិបរមា ៣៥°C។ ខ្យល់ ៖ បក់មកពីទិសនិរតី និងអាគ្នេយ៍ ក្នុងល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១៥%។ ចំណែករលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងអតិបរមា ១,០០ម៉ែត្រ៕
ចែករំលែកព័តមាននេះ