រាជធានីភ្នំពេញ ៖ សមយុទ្ធយោធា CINBAX-II ខ្មែរ- ឥណ្ឌានៃស្ពានមិត្តភាពខ្មែរ-ឥណ្ឌា ៧០ឆ្នាំ គឺជាការបោះជំហានយ៉ាងមុតស្រួចចូលទៅក្នុងយុគសម័យសន្តិសុខទំនើប ។ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បានលើកឡើងថា សមយុទ្ធCINBAX-II ខ្មែរ-ឥណ្ឌាចេញពីឬសគល់អរិយធម៌ដល់យុទ្ធសាស្ត្រការពារជាតិទំនើប ។
លោកបណ្ឌិតបានលើកឡើងលើបណ្តាញសង្គម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ថា ការឈានមកដល់នៃខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌា មិនត្រឹមតែជារឿងរ៉ាវប្រវត្តិសាស្ត្រដែលចារឹកទុកលើផ្ទាំងថ្មនៃប្រាសាទបុរាណប៉ុណ្ណោះទេ ប៉ុន្តែ វាគឺជាការបោះជំហានយ៉ាងមុតស្រួចចូលទៅក្នុងយុគសម័យសន្តិសុខទំនើប ។
លោកបណ្ឌិតថា ការចាប់ផ្តើមនៃសមយុទ្ធយោធា CINBAX-II នៅខែឧសភា ឆ្នាំ ២០២៦ នេះ គឺជាសក្ខីភាពដែលបង្ហាញថា ចំណងមិត្តភាពនេះបានវិវឌ្ឍពី «អំណាចទន់»នៃវប្បធម៌ទៅជា«អំណាចរឹង» នៃកិច្ចសហប្រតិបត្តិការការពារជាតិដ៏រឹងមាំ ។
លោកបណ្ឌិតថា CINBAX-II លើសពីការហ្វឹកហាត់ គឺជាការបង្កើនទំនុកចិត្តយុទ្ធសាស្ត្រវត្តមានកងទ័ពឥណ្ឌាចំនួន១២០នាក់ មកពីកងវរសេនាធំថ្មើរជើងស្រាល Maratha នៅលើទឹកដីនៃមជ្ឈ មណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានទ័ព ជើងគោក ភ្នំធំម្រះ ខេត្តកំពង់ស្ពឺ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ ។
ការជ្រើសរើសកងទ័ពដែលមានជំនាញវាយឆ្មក់ និងចម្បាំងក្នុងព្រៃភ្នំមកហ្វឹក ហាត់ជាមួយកងទ័ពកម្ពុជា ឆ្លុះបញ្ចាំងពីចំណុចសំខាន់ពីរ ៖
១-ការចែករំលែកបទពិសោធន៍ពិត៖ ឥណ្ឌាមានបទពិសោធន៍ខ្ពស់ក្នុងបេសក កម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) និងការប្រឆាំងភេរវកម្ម ដែលជាមេរៀនដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការត្រៀមខ្លួនសម្រាប់សន្តិសុខសកល។
២-តុល្យភាពយុទ្ធសាស្ត្រ៖ តាមរយៈសមយុទ្ធនេះ កម្ពុជាបានផ្ញើសារយ៉ាងច្បាស់ទៅកាន់ពិភពលោកអំពី «នយបាយការបរទេសពហុភាគី»។ កម្ពុជាបង្ហាញថាខ្លួនមិនបានពឹងផ្អែកលើមហាអំណាចតែមួយឡើយ ប៉ុន្តែបើកចំហទទួលមហាអំណាចតំបន់ដូចជាឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារជាតិខ្លួន។
លោកបណ្ឌិតថាភូមិសាស្ត្រនយោបាយវិញឥណ្ឌាជា «យុថ្កា»នៃសន្តិសុខតំបន់ក្នុងបរិបទដែលតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានការប្រកួតប្រជែងឥទ្ធិពលយ៉ាងខ្លាំង ឥណ្ឌាបានប្រើប្រាស់គោលនយោបាយ «Act East»ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនមកកាន់អាស៊ាន ។ សម្រាប់កម្ពុជា ឥណ្ឌាគឺជាដៃគូ
«អព្យាក្រឹត» ដែលជួយឱ្យកម្ពុជាមានលំហដកដង្ហើម និងជៀសផុតពីការធ្លាក់ក្នុងសង្គ្រាមត្រជាក់រវាងមហាអំណាចធំៗ ។ ផ្ទុយមកវិញ សម្រាប់ឥណ្ឌា កម្ពុជាគឺជាចំណុចយុទ្ធសាស្ត្រកណ្តាលក្នុងអាស៊ីអាគ្នេយ៍ ដែលអាចជួយឥណ្ឌារក្សាតុល្យភាពអំណាច និងសន្តិសុខនាវាចរណ៍។
ជាមួយគ្នានោះដែរលោកបណ្ឌិតក៏បានលើកឡើងថា បរិបទថៃឈ្លានពានខ្មែរ ២០២៥-២០២៦ ការរក្សាលំនឹងតាម រយៈវិជ្ជាជីវៈយោធានៅពេលនិយាយ ដល់បញ្ហាប្រឈមជាមួយប្រទេស ជិតខាង ដូចជាថៃ តួនាទីរបស់ឥណ្ឌាមានលក្ខណៈពិសេស និងវិជ្ជមាន៖
ឥណ្ឌាជាមិត្តរួមសុខរួមទុក្ខរបស់ទាំងសងខាងដោយសារឥណ្ឌាមានទំនាក់ទំនងល្អជាមួយទាំងបាងកក និងភ្នំពេញ ឥណ្ឌាដើរតួជា “សាក្សីអន្តរជាតិ” ដ៏មានឥទ្ធិពល ដែលលើកទឹកចិត្តឱ្យមានការដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។ការបង្កើនវិជ្ជាជីវៈកងទ័ព៖ ការដែលកងទ័ពកម្ពុជាកាន់តែមានវិជ្ជាជីវៈ (តាមរយៈការហ្វឹកហាត់ជាមួយឥណ្ឌាក្រោមក្របខ័ណ្ឌ UN) ធ្វើឱ្យការគ្រប់គ្រងស្ថានការណ៍តាមព្រំដែនកាន់តែមានភាពចាស់ទុំ។ កងទ័ពដែលមានវិន័យ និងយល់ដឹងពីច្បាប់ នឹងជៀសវាងបាននូវការយល់ច្រឡំដែលនាំឱ្យមានការប៉ះទង្គិចគ្នាដោយអចេតនា។
លោកបណ្ឌិតបានលើកឡើងថាសារៈ សំខាន់ចំពោះសន្តិសុខក្នុងគ្រប់កម្រិតការវិវឌ្ឍនៃទំនាក់ទំនងយោធានេះ ផ្តល់ផលប្រយោជន៍ជាច្រើនកម្រិត។ ក្នុងកម្រិតជាតិ កងយោធពលខេមរភូមិន្ទទទួលបាននូវបច្ចេកទេសទំនើប និងសមត្ថភាពសង្គ្រោះគ្រោះមហន្តរាយ។ ក្នុងកម្រិតតំបន់ វារួមចំណែកកាត់បន្ថយភាពតានតឹង និងការសង្ស័យលើការផ្អៀងទៅរកភាគីណាមួយតែឯង។ ចំណែកក្នុងកម្រិតពិភពលោក វាបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងឥណ្ឌា ក្នុងការគាំទ្រសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ។
ជាមួយគ្នានោះដែរ លោកបណ្ឌិត ញិល រដ្ឋាក៏បានធ្វើសេចក្តីសន្និដ្ឋានថា ៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា បានឈានមកដល់ចំណុចរបត់ថ្មីមួយដ៏គួរឱ្យកត់សម្គាល់។ សមយុទ្ធ CINBAX-II គឺជាការឆ្លុះបញ្ចាំងពីមហិច្ឆតារបស់កម្ពុជាក្នុងការកសាងកងទ័ពដែលមានវិជ្ជាជីវៈ និងការដើរតួជាតួអង្គសកម្មក្នុងសន្តិសុខសកល។ ក្នុងនាមជា «មិត្តចាស់ដែលយល់ចិត្តគ្នា» ឥណ្ឌានៅតែជាសសរស្ដម្ភដ៏រឹងមាំសម្រាប់កម្ពុជា ក្នុងការកសាងសន្តិភាព និងតុល្យភាពនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍ដ៏មានសក្តានុពលនេះ ៕
ចែករំលែកព័តមាននេះ